(ញូយ៉ក)៖ ចៅក្រមសហព័ន្ធអាមេរិកម្នាក់ នៅថ្ងៃពុធសប្ដាហ៍នេះ បានសម្រេចផ្ដន្ទាទោសអតីតមេធាវីម្នាក់របស់ប្រធានាធិបតី​អាមេរិកលោក ដូណាល់ ត្រាំ គឺលោក Michael Cohen ដាក់ពន្ធនាគារ៣ឆ្នាំពីបទឧក្រិដ្ឋផ្នែកហិរញ្ញវត្ថុ និងនិយាយកុហក សភាអាមេរិកទាំង២។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Washington Post នៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងសវនាការ លោក Cohen បានសម្ដែងការសោកស្ដាយ និងសូមទោសទៅកាន់ចៅក្រមលោក William H. Pauley ជាមួយការទទួលខុសត្រូវលើបទឧក្រិដ្ឋជាច្រើនក្នុងនោះរួមមាន ការគេចពន្ធ ការនិយាយកុហកសភា និងការបង់ប្រាក់រាប់​សែនដុល្លារ ដើម្បីបិទមាត់អតីតតារាអាសអាភាសអាមេរិកម្នាក់ កុំឱ្យនិយាយពីទំនាក់ទំនងផ្លូវភេទជាមួយលោក ដូណាល់ ត្រាំ។

គួរបញ្ជាក់ថា លោក Michael Cohen ត្រូវបានគេរាយការណ៍ថាបានផ្ដល់ព័ត៌មានជាច្រើនដល់ក្រុមអ្នកស៊ើបអង្កេត​ពាក់ព័ន្ធ​នឹងលោក ត្រាំ និងយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក។ ប៉ុន្តែ ក្រុមរដ្ឋអាជ្ញាធរបានបដិសេធប្រាប់ពីអ្វីដែលពួកគេ​បានដឹងពីអតីតមេធាវីរូបនេះ៕