(ពិភពលោក)៖ នៅថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីភ្នាក់ងារអភិវឌ្ឍន៍ និងធ្វើតេស្តប្រព័ន្ធ​ការពារមីស៊ីល​អាមេរិក (MDA) បានប្រកាសនា​ថ្ងៃអង្គារ​សប្តាហ៍​​នេះថា ខ្លួនបាន​ទទួលជោគជ័យ​ក្នុងការសាកល្បង​ បាញ់កម្ទេច​គោលដៅជា​មីស៊ីលផ្លោង​រយៈ​ចម្ងាយ​មធ្យម​​មួយ​គ្រាប់​​៕

២៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី​លោក ស្កុត ម៉ារីសុន (Scott Morrison) បានប្រកាសថា​ដែនដីអូស្រ្តាលី​ភាគខាងត្បូង នឹងក្លាយ​ជា​ទីស្នាក់ការ​​នៃទីភ្នាក់ងារអវកាស​ដំបូងបំផុត​នៃប្រទេសដីកោះ​ដ៏ធំនេះ៕

៣៖ ​ប្រធានាធិបតីបារាំង​លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នាថ្ងៃអង្គារសប្តាហ៍នេះ បានបើកកិច្ចប្រជុំជា​មួយ​​ក្រុម​អ្នក​តំណាងនៃវិស័យ​ធនាគារក្នុងប្រទេស​បារាំង ដើម្បីពិភាក្សាអំពី​ចំណាត់ការ​ដោះស្រាយវិបត្តិ​សង្គម-សេដ្ឋកិច្ច នៅ​ចំពោះ​មុខ​​ការធ្វើបាតុកម្ម​ដោយ​​ហិង្សានៅទូទាំង​ប្រទេស​បារាំង៕

៤៖ ទីភ្នាក់ងារព័ត៌មាន​វិស័យថាមពល​​អាមេរិក (EIA) បានឲ្យដឹងនា​ថ្ងៃអង្គារសប្តាហ៍នេះ​ថា ​តម្លៃប្រេងឆៅបាន​​ធ្លាក់ចុះយ៉ាងគំហុក​ក្នុងខែវិច្ឆិកា ហើយនឹង​បន្តធ្លាក់ចុះកាន់តែខ្លាំងថែម​ទៀតនៅក្នុងឆ្នាំ២០១៩ ដោយសារ​តែ​កំណើន​នៃ​ការ​​​ផលិតប្រេង៕

៥៖ ទឹកជំនន់យ៉ាង​គំហុក ដែលបានវាយប្រហារភាគកណ្តាល​ប្រទេស​វៀតណាម ចាប់តាំងពីចុង​សប្តាហ៍មុន​នេះ បានបណ្តាល​ឲ្យមនុស្សស្លាប់ ០៩នាក់ និង​០៤នាក់ផ្សេង​ទៀតបន្តបាត់ខ្លួននៅ​ឡើយ៕

៦៖ ក្រោយការស៊ើបអង្កេតនិងរុករកភ្លាមៗ ប៉ូលិសអាមេរិកពុំបានរកឃើញ​ឧបករណ៍​ឬកញ្ចប់សង្ស័យ​ណាមួយឡើយ នៅក្នុងអគារទីស្នាក់ការរបស់ក្រុមហ៊ុន Facebook នៅក្រុង Menlo Park ភាគខាងជើង​រដ្ឋកាលីហ្វរ​ញ៉ា​៕