(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារអភិវឌ្ឍន៍ និងធ្វើតេស្តប្រព័ន្ធ​ការពារមីស៊ីល​អាមេរិក (MDA) បានប្រកាសនា​ថ្ងៃអង្គារ​សប្តាហ៍​​នេះថា ខ្លួនបាន​ទទួលជោគជ័យ​ក្នុងការសាកល្បង​ បាញ់កម្ទេច​គោលដៅជា​មីស៊ីលផ្លោង​រយៈ​ចម្ងាយ​មធ្យម​​មួយ​គ្រាប់​​។ នេះបើតាមការដក​ស្រង់ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាច​ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។

បើតាមសេចក្តីប្រកាស​របស់​ទីភ្នាក់ងារ MDA ​ការធ្វើ​តេស្តខាងលើ​គឺជា​ការ​បង្ហាញពីសមត្ថភាព​នៃប្រព័ន្ធការពារ​មីស៊ីល Aegis ​ក្នុងការតាមដាន និងបាញ់ស្ទាក់​​គោលដៅជាមីស៊ីល​​ផ្លោងរយៈចម្ងាយ​​មធ្យម (IRBM) ​លើ​ទីអវកាស ដោយប្រើ​​ប្រាស់គ្រាប់​មីស៊ីល​ SM-3 ដែលបាញ់ចេញ​មូលដ្ឋាន អេជីអាហ្ស័រ (Aegis Ashore) នៅ​កោះហាវ៉ៃ។​

គួរជម្រាបថា នេះគឺជាជោគជ័យ​លើកទីពីរជាប់ៗគ្នា នៃការធ្វើតេស្ត​មីស៊ីល SM-3 Block IIA ដែលកំពុងស្ថិត​ក្រោម​​ការអភិវឌ្ឍ​​រួមគ្នា​រវាងសហរដ្ឋអាមេរិក និងជប៉ុន។ មីស៊ីលនេះ ត្រូវគេរំពឹងថា នឹងបំពាក់ទាំង​នៅតាមមូលដ្ឋាន Aegis Ashore អាមេរិក​ក្នុងប្រទេសរ៉ូម៉ានី និងប៉ូឡូញ ព្រមទាំង​​មូលដ្ឋាន Aegis Ashore នាថ្ងៃអនាគត​នៅជប៉ុន៕