​(ម៉ូស្គូ)៖ ការប្រើប្រាស់​ក្រុមប្រឹក្សា​អឺរ៉ុប និងស្ថាប័ន​អន្តរជាតិ​ដទៃ ជាឧបករណ៍ដាក់​សម្ពាធប្រឆាំង​នឹងរុស្ស៊ី គឺមានតែនាំ​ទៅរក​ការបំផ្លិចបំផ្លាញ​ ប្រព័ន្ធកិច្ច​សហប្រតិបត្តិការ និងសន្តិសុខរបស់​អឺរ៉ុបទាំងមូលតែ​ប៉ុណ្ណោះ។ នេះគឺជាសម្ដី​របស់នាយករដ្ឋមន្ត្រី​រុស្ស៊ី​លោក ឌីមីទ្រី ម៉េដវេដេវ (Dmitry Medvedev) ដកស្រង់ដោយសារព័ត៌មាន Sputnik នៅ​ល្ងាចថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងនៅក្នុងអត្ថបទមួយ​ស្ដីពីតុល្យភាព​រវាងសេរីភាព និងទំនួលខុស​ត្រូវ ចេញផ្សាយបន្ត​ដោយទស្សនាវដ្ដីរុស្ស៊ី Zakon នៅថ្ងៃអង្គារ​សប្ដាហ៍នេះ លោក Medvedev បានលើក​​ឡើង​យ៉ាងដូច្នេះថា «​ការប្រើប្រាស់ក្រុម​ប្រឹក្សាអឺរ៉ុប និងស្ថាប័នអន្តរជាតិ​ដទៃ​ជាឧបករណ៍​ដាក់សម្ពាធ​ប្រឆាំងនឹង​រុស្ស៊ី គឺគ្រាន់តែជា​មធ្យោបាយមាន​ផ្លូវតែមួយ និងនាំទៅរកការ​បំផ្លិចបំផ្លាញ​ប្រព័ន្ធ កិច្ចសហប្រតិបត្តិការ និងសន្តិសុខរបស់​អឺរ៉ុបទាំងមូល​តែប៉ុណ្ណោះ»

តែយ៉ាងណាក៏ដោយ​នាយករដ្ឋមន្ត្រី​រុស្ស៊ីរូបនេះ នៅតែសង្កត់ធ្ងន់​ដដែលថា កិច្ចសន្ទនាគឺជាផ្លូវដោះស្រាយ​បញ្ហាតែមួយគត់ ប៉ុន្តែកិច្ចសន្ទានានឹងលេចចេញ​ជាលទ្ធផលល្អ ទាល់តែវាត្រូវ​បានរំដោះចេញពីចេតនា​នយោបាយ ការអនុវត្ត​ស្ដង់ដារពីរ និង ការចោទប្រកាន់​គ្មានហេតុផលជា​មុនសិន៕