(កង់បេរ៉ា)៖ នាយករដ្ឋមន្រ្តីអូស្រ្តាលី​លោក ស្កុត ម៉ារីសុន (Scott Morrison) បានប្រកាសថា​ដែនដីអូស្រ្តាលី​ភាគខាងត្បូង នឹងក្លាយ​ជា​ទីស្នាក់ការ​​នៃទីភ្នាក់ងារអវកាស​ដំបូងបំផុត​នៃប្រទេសដីកោះ​ដ៏ធំនេះ។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី ទីភ្នាក់ងារព័ត៌​មាន​ចិន ស៊ីនហួរ នៅល្ងាចថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។

ទីក្រុង Adelaide ដែលជារដ្ឋធានី​របស់រដ្ឋអូស្រ្តាលីភាគ​ខាងត្បូង បានផ្តួល​គូប្រកួត​មកពី​បណ្តារដ្ឋ និងតំបន់ឯទៀត​ៗ​ក្នុង​​ការជ្រើសរើស ​ជាកន្លែងតាំងទីស្នាក់​ការ​របស់ទីភ្នាក់ងារ​អវកាសទីមួយ​នៃអូស្រ្តាលី។ ទីស្នាក់ការនៃ​ទីភ្នាក់ងារអវកាស​​​របស់​អូស្រ្តាលី​ នឹង​ទទួលបានទុន​វិនិយោគជំហាន​ដំបូង​ប្រមាណ ​៤១លានដុល្លារអូស្រ្តាលី (២៩.៥៦លានដុល្លារ) ដើម្បីជា​​ការ​​ចាប់ផ្តើម​ជម្រុញសន្ទុះសេដ្ឋកិច្ច តាមរយៈ​វិស័យអវកាស​អូស្រ្តាលី និងបង្កើតឱកាស​ការងារថ្មី​រាប់ម៉ឺន​កន្លែង។

គួរជម្រាបថា ទីភ្នាក់ងារអវកាស​អូស្រ្តាលី ត្រូវបានបង្កើតឡើង​កាលពី​ខែកក្កដា ឆ្នាំ២០១៧ និងស្ថិត​ក្រោមការដឹកនាំ​​របស់លោកស្រី មេហ្គានក្លាក (Megan Clark​​)។ ទីស្នាក់ការ​របស់ទីភ្នាក់ងារ​អវកាស​អូស្រ្តាលី នឹងលេចរូបរាង​ឡើងនៅពាក់​កណ្តាល​ឆ្នាំ២០១៩។
ទោះបីជា​​អូស្ត្រាលី ហាក់ដើរក្រោយមហាអំណាច​​ជាច្រើន នៅក្នុងបង្កើត​ទីស្នាក់ការ​ធំ នៃទីភ្នាក់ងារ​អវកាសរបស់​ខ្លួនក្តី ប៉ុន្តែបើយើងសង្កេត​មើលពីលទ្ធផលកន្លងរបស់​​ប្រទេស​នេះ គឺពិតជាធំធេង​ណាស់ទៅហើយ ជាពិសេសគឺ​វិស័យតារាសាស្ត្រ និងការចាប់​រលកវិទ្យុ​សញ្ញា​ពីទីអវកាស បូករួមទាំងការសិក្សា​​អំពីកំណកំណើត​ជីវិតនានា នៅលើផែនដី​ជាដើម៕