(ប៉ារីស)៖ ប្រធានាធិបតីបារាំង​លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) នាថ្ងៃអង្គារសប្តាហ៍នេះ បានបើកកិច្ចប្រជុំជា​មួយ​​ក្រុម​អ្នក​តំណាងនៃវិស័យ​ធនាគារក្នុងប្រទេស​បារាំង ដើម្បីពិភាក្សាអំពី​ចំណាត់ការ​ដោះស្រាយវិបត្តិ​សង្គម-សេដ្ឋកិច្ច នៅ​ចំពោះ​មុខ​​ការធ្វើបាតុកម្ម​ដោយ​​ហិង្សានៅទូទាំង​ប្រទេស​បារាំង។ នេះបើតាម​សេចក្តីប្រកាស​របស់វិមាន អេលីហ្សេ (Elysee) ដក​ស្រង់​ខ្លឹម​សារដោយ​សារព័ត៌មាន​រុស្ស៉ី Sputnik នៅរសៀលថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។

បើតាមវិមាន​ប្រធានាធិបតី​បារាំង នៅក្នុងកិច្ចប្រជុំ​ខាងលើ លោក Macron បានស្នើឲ្យ​ធនាគារ​​នានា ផ្តល់ការគាំទ្រដល់​​អាជីវកម្ម​តូចៗ​រួមទាំង​សហគ្រិន ដែលបានរងគ្រោះ​ដោយសារវិបត្តិនា​ពេលបច្ចុប្បន្ន។ លោក​ប្រធានាធិបតី​បារាំង​ក៏បាន​ទទូចឲ្យ​វិស័យ​ធនាគារ​បារាំង អនុវត្តន៍វិធានការ​ជាក់លាក់មួយចំនួន​ផងដែរ រួមមានការ​មិនដំឡើងថ្លៃសេវា​ធនាគារ​​​​ សម្រាប់​អតិថិជន​នៅឆ្នាំ២០១៩ ជាដើម។

នាថ្ងៃចន្ទ​សប្តាហ៍នេះ លោក Macron បានប្រកាសដាក់​​ប្រទេសបារាំង​ក្នុង​​គ្រាអាសន្ន​ផ្នែកសេដ្ឋកិច្ច​ និងសង្គម ដើម្បីជា​ការ​ឆ្លើយ​តប​ចំពោះ​មហា​បាតុកម្មដ៏កក្រើក​ប្រឆាំង​នឹង​កំណែទម្រង់របស់​រដ្ឋាភិបាល។ លោក Macron បានជំរុញឲ្យ​​នយោជក​ផ្តល់​ប្រាក់លើកទឹក​ចិត្តប្រចាំឆ្នាំទៅ​ឲ្យ​បុគ្គលិក និង​ស្នើឲ្យបោះបង់ចោល​​​គំនិត ​ដែលចង់​ឲ្យនិវត្តន៍​​ជន​មាន​ចំណូល​ក្រោម​ ២,២៧៥​ដុល្លារ​​ចូល​រួមចំណែកបងពន្ធធានា​រ៉ាប់រងសង្គម ហើយ​​លោក​ប្រធានាធិបតី​បារាំង ក៏បាន​សន្យា​ដំឡើង​​​ប្រាក់​ឈ្នួល​​អប្បបរមា​សំដៅ​​ដោះស្រាយ​វិបត្តិសង្គម-សេដ្ឋកិច្ចរបស់​ប្រទេស​ផងដែរ។

គួរជម្រាបថា ក្រុមបាតុកម្មដែល​គេហៅថា «អាវកាក់ពណ៌លឿង» បានបន្ត​អុកឡុក​ប្រទេសបារាំងចាប់​តាំងតែពី​ថ្ងៃទី១៧ ខែ​វិច្ឆិកាមក ដោយ​ចលនានេះ​បានផ្ទុះឡើងកាន់​តែធំឡើងៗ ពី​ការប្រមូលផ្តុំតវ៉ា​​ប្រឆាំង​ការ​បង្កើនពន្ធ​ប្រេងសាំង-​ម៉ាស៊ូត​រហូតក្លាយជា​ការ​បញ្ចេញកំហឹងនៅ​ទូទាំងប្រទេសទាំង ប្រឆាំងនឹងការកើន​ឡើងនៃថ្លៃចាយវាយ​​សម្រាប់ការរស់នៅ​​​ព្រមទាំងគោល​នយោបាយ​របស់រដ្ឋាភិបាល​បារាំង​តែម្តង៕