(បាងកក)៖ នាយប៉ូលិសថៃម្នាក់​បានទៅប្រគល់ខ្លួនឲ្យសមត្ថកិច្ច ​និងសារភាពថា រូបគេបានសម្លាប់ជនជាតិ​បារាំងម្នាក់ ក្រោយមានជម្លោះ​វាយតប់គ្នាមួយ ក្នុងតំបន់​ស៊ុកខុមវីត (Sukhumvit) ក្នុងទីក្រុងបាងកក។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។

ការិយាល័យ​អន្តោប្រវេសន៍​បានឱ្យដឹងនៅថ្ងៃពុធ​នេះថា ប៉ូលិសដែលបាន​បាញ់សម្លាប់បុរសជនជាតិ​បារាំងខាងលើមាន​ឈ្មោះថា កាន់ថាភុង ហួដស្រ៊ី (Kantapong Huadsri) មកពីស្ថានីយប៉ូលិស លុមភីនី (Lumpini)។ ចំណែកឯ​ជនរងគ្រោះជាជន​ជាតិបារាំងវិញ​មានឈ្មោះ​ថា ម៉ាលីក (Malik) អាយុ ៣៥ឆ្នាំ បានស្លាប់នៅ​មុខក្លឹបកម្សាន្តមួយ​កន្លែងក្នុងតំបន់ Sukhumvit 13 នៃស្រុកសង្កាត់វ៉ាត់ថាណា (Watthana) កាលពីយប់​ថ្ងៃអង្គារកន្លងទៅ។

បើតាមស្នង​ការប៉ូលិសថៃ ប៉ូលិសឈ្មោះ Huadsri បានប្រគល់ខ្លួន​ឱ្យស្ថានីយប៉ូលិស Lumpini និងសារពភាពពី​ទោសកំហុស។ ប៉ុន្តែករណី​ឃាតកម្មនេះ​កំពុងស្ថិតនៅក្រោមការស៊ើបអង្កេតនៅឡើយ ខណៈមាន​សេចក្ដីរាយការណ៍​ខ្លះថា មានបុរសម្នាក់​ផ្សេងទៀតបាន​ស្ថិតនៅកន្លែងកើតហេតុ​ ជាមួយប៉ូលិស​រូបនេះដែរ៕