(វ៉ាស៊ីនតោន)៖ ទីភ្នាក់ងារព័ត៌មាន​វិស័យថាមពល​​អាមេរិក (EIA) បានឲ្យដឹងនា​ថ្ងៃអង្គារសប្តាហ៍នេះ​ថា ​តម្លៃប្រេងឆៅបាន​​ធ្លាក់ចុះយ៉ាងគំហុក​ក្នុងខែវិច្ឆិកា ហើយនឹង​បន្តធ្លាក់ចុះកាន់តែខ្លាំងថែម​ទៀតនៅក្នុងឆ្នាំ២០១៩ ដោយសារ​តែ​កំណើន​នៃ​ការ​​​ផលិតប្រេង។ នេះបើតាមការ​ដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មាន​ចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។

ថ្លៃលក់ភ្លាមៗ​​នៃ​ប្រេង​ឆៅ Brent ក្នុងខែវិច្ឆិកា បានធ្លាក់​ចុះ​១៦ដុល្លារ​​បន្ថែមទៀតពី​ខែតុលា មកនៅត្រឹម​ជាតម្លៃ​មធ្យម​តែ ​៦៥​ដុល្លារ​ក្នុង​មួយ​បារ៉ែល ដែលជាគម្លាត​ធ្លាក់ចុះប្រចាំខែធំ​បំផុត​មិន​ធ្លាប់មាន ក្នុងរយៈពេលជិត ០៤ឆ្នាំកន្លងទៅនេះ។ ទីភ្នាក់ងារ EIA បាន​សម្លឹងមើល​ឃើញថា ការផលិតប្រេងឆៅ​របស់អាមេរិក​មានកម្រិតជាមធ្យម ​១១.៥លានបារ៉ែល​ក្នុងមួយខែ​ក្នុងខែវិច្ឆិកា ដែល​ជាការកើន​ឡើងដល់ទៅ ១៥០,០០០បារ៉ែល​ធៀបនឹង​ខែតុលា។ កំណើននេះ​ភាគច្រើន​គឺដោយសារតែ​​ ការចាប់​​ផ្តើមប្រតិបត្តិការ​ជាធម្មតា​ឡើងវិញ នៃអណ្តូងបូមប្រេង​​អាមេរិក ដែល​បានរងផល​ប៉ះពាល់ពី​ព្យុះ។

គួរជម្រាបថា រីឯសម្រាប់ចក្ខុវិស័យឆ្នាំ២០១៩ EIA បានរំពឹងថា ប្រេងឆៅ​ Brent នឹងមានថ្លៃលក់ភ្លាមៗ​​ជាមធ្យម​​ត្រឹមតែ ​​៦១ដុល្លារ​​​​ប៉ុណ្ណោះក្នុងមួយ​បារ៉ែល៕