(ហាណូយ)៖ ទឹកជំនន់យ៉ាង​គំហុក ដែលបានវាយប្រហារភាគកណ្តាល​ប្រទេស​វៀតណាម ចាប់តាំងពីចុង​សប្តាហ៍មុន​នេះ បានបណ្តាល​ឲ្យមនុស្សស្លាប់ ០៩នាក់ និង​០៤នាក់ផ្សេង​ទៀតបន្តបាត់ខ្លួននៅ​ឡើយ។ នេះ​បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន​ ស៊ីនហួរ នារសៀល​ថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។

យោងតាម​​គណកម្មាធិការ​គ្រប់គ្រងគ្រោះ​មហន្តរាយ​​វៀតណាម NDPC ទឹក​ជំនន់​បានវាយប្រហារ​ខេត្តចំនួន ០៥ នៅភាគកណ្តាលប្រទេសវៀតណាមដូចជា ក្វាងទ្រី (Quang Tri), ធួធានហឺ (Thua Thien Hue), ក្វាងណាំ (Quang Nam), ក្វាងង៉ៃ (Quang Ngai) និងប៊ិញឌិញ (Dinh Dinh) ដែលសរុប​ចំនួនមនុស្សស្លាប់​ និងបាត់ខ្លួន​នៅខេត្ត​ទាំងនេះ​​មានចំនួន ១៣នាក់។

គួរបញ្ជាក់ថា ក្រៅពីមនុស្ស​រងគ្រោះ លំនៅឋាន ២៣,១០០ខ្នង​រងការបំផ្លិចបំផ្លាញ, សត្វពាហនៈ ៦១,៨០០ក្បាលងាប់ និងស្ពាន-ថ្នល់រាប់រយ​គីឡូម៉ែត្ររងការ​ខូចខាត។ សរុប​តួលេខ​នៅក្នុងរយៈពេល ១១ខែនៃឆ្នាំ២០១៨នេះ ប្រជាជន​វៀតណាម ១៨៩នាក់ស្លាប់ និងថវិកាខាត​បង់ជិត ៤០០លានដុល្លារ ដោយសារតែ​គ្រោះធម្មជាតិ​គ្រប់ប្រភេទ ជាពិសេស​គឺទឹកជំនន់ បំណាក់ដី និងព្យុះសង្ឃរានៅទូទាំងប្រទេស៕