(សាន់ហ្វ្រាន់ស៊ីស្កូ)៖ ក្រោយការស៊ើបអង្កេតនិងរុករកភ្លាមៗ ប៉ូលិសអាមេរិកពុំបានរកឃើញ​ឧបករណ៍​ឬកញ្ចប់សង្ស័យ​ណាមួយឡើយ នៅក្នុងអគារទីស្នាក់ការរបស់ក្រុមហ៊ុន Facebook នៅក្រុង Menlo Park ភាគខាងជើង​រដ្ឋកាលីហ្វរ​ញ៉ា​។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មាន CBS News នៅរសៀលថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។

នាយប់ថ្ងៃអង្គារសប្តាហ៍នេះ​ (ពេលវេលានៅអាមេរិក) ទាំងបុគ្គលិកនៃបណ្តាញសង្គម Facebook និង Instagram ត្រូវបាន អាជ្ញាធរ​អាមេរិក​ជម្លៀសខ្លួនចេញពីអគារកើតហេតុជាបន្ទាន់ បន្ទាប់ពីមានការហៅទូរស័ព្ទព្រមានពីការបង្កៃ​​​គ្រាប់​បែក នៅក្នុងទីនោះ។

គួរជម្រាបថា ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ បានធ្វើឲ្យ​មនុស្សភាគច្រើននឹកឃើញឡើងវិញនូវ​ ករណី​បាញ់ប្រហារ​គ្នាមួយនៅឯការិយាល័យ​ក្រុមហ៊ុន ​YouTube ដែលស្ថិតក្នុងតំបន់ក្បែរគ្នា កាលពីខែមេសាកន្លងទៅ ហើយ​ទោះបីជាករណី​ខាងលើគឺជារឿងកុហកបោកប្រាសក៏ដោយ ក៏ធ្លាប់មានករណីភូតភរបែបនេះ ដែលបញ្ចប់ទៅដោយសោក​នាដកម្មផងដែរ៕