​(គុយបា)៖ ប្រធានាធិបតីគុយបា​លោក មីហ្គែល ឌីយ៉ាស់ កាណែល (Miguel Diaz-Canel) បានព្រលះ​សហរដ្ឋអាមេរិក​ធ្ងន់ៗថា ជាមេរំលោភ​សិទ្ធិមនុស្ស​នៅជុំវិញ​ពិភពលោក ដែលគ្មាន​អំណាច ឬសិទ្ធិខាងសីលធម៌​អ្វីមករិះគន់បញ្ហាសិទ្ធិមនុស្ស ​នៅក្នុងប្រទេសរបស់​លោក​នោះទេ។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន​ស៊ីនហួរ នៅព្រឹកថ្ងៃពុធ ទី១២ ខែធ្នូ ឆ្នាំ២០១៨។

លោក Diaz-Canel ធ្វើការកត់​សម្គាល់បែបនេះ​នៅលើ Twitter ផ្ទាល់ខ្លួនរបស់​លោកនៅថ្ងៃអង្គារ​សប្ដាហ៍នេះ។ ប្រធានាធិបតី​គុយបារូបនេះ​បានគូសបញ្ជាក់​ដូច្នេះថា «សហរដ្ឋអាមេរិក​គ្មានអំណាច ឬសិទ្ធិខាង​សីលធម៌អ្វី មកនិយាយពី​បញ្ហាសិទ្ធិមនុស្ស​នៅក្នុងប្រទេសគុយបា​នោះទេ ព្រោះនរណាៗ​ក៏ដឹងដែរថា អាមេរិកមាន​គោលជំហរ​ពុតត្បត់ មិនចេះខ្មាសអៀន និងចូលចិត្តអនុវត្តន៍ស្ដង់ដារពីរ។ លើសពីនេះ​ទៅទៀត ប្រទេសមួយនេះ​បានរំលោភសិទ្ធិមនុស្ស​នៅជុំវិញពិភពលោក​ តាមរយៈ​ការលក់​អាវុធ និងធ្វើ​សង្រ្គាម»

គួរជម្រាបថា ការលើកឡើងខាង​លើរបស់​លោក Miguel Diaz-Canel កើតមានឡើង​បន្ទាប់ពីរដ្ឋមន្ត្រីការបរទេស​អាមេរិក​លោក ម៉ៃក៍ ប៉ុមប៉េអូ ចោទប្រកាន់​អាជា្ញធរ​គុយបាថា បានរំលោភសិទ្ធិមនុស្សលើអ្នកទោសនយោបាយ​នៅក្នុងប្រទេស។ ម្យ៉ាងវិញ​ទៀត ការចោទប្រកាន់​នេះទៀត ធ្វើឡើងតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ​ក្រោយរដ្ឋបាល​លោក ដូណាល់​ ត្រាំ សម្រេចចិត្តបិទ​ការិយាល័យ​អន្តោប្រវេសន៍ (Citizenship and Immigration Service office) ក្នុងទីក្រុង​ឡាហាវ៉ាន់ ដោយសារ​តែគ្មានភាពជឿនលឿន​នៃការធ្វើឲ្យប្រសើរឡើង​ នូវទំនាក់ទំនងរវាងប្រទេស​ទាំងពីរ៕