(ពិភពលោក)៖ នៅថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំង ព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថាតើ ព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ទីបំផុតយាន​អវកាស Voyager-2 របស់ទីភ្នាក់ងារ​អវកាសអាមេរិក NASA បានចេញផុត​ពីដែនសីមា​​របស់ព្រះអាទិត្យ ហើយ​ឈានចូលដល់តំបន់​ចន្លោះ​ប្រព័ន្ធផ្កាយ ដែលគេហៅថា «Interstellar Space» ដូចយានភ្លោះរបស់វា​ គឺ Voyager-1 ដែរហើយ៕

២៖ យន្តហោះទម្លាក់​គ្រាប់បែក​រុស្ស៊ីធុន Tu-160 ចំនួន ០២គ្រឿង ត្រូវបានបញ្ជូន​ទៅដល់​​វេណេស៊ុយអេឡា បន្ទាប់​ពី​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌីរ៉ូ បានអះអាងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក​កំពុងរៀប​ចំគម្រោងធ្វើរដ្ឋប្រហារ​នៅ​​ក្នុងប្រទេស​លោក៕

៣៖ ​ក្រសួង​ការពារជាតិ​អាមេរិក ​នឹងដកកងទ័ពរាប់រយនាក់ចេញពី​ព្រំដែន​ភាគខាងត្បូងជាប់​ប្រទេស​ម៉ិចស៊ីកូ ក្នុងពេល​ឆាប់ៗនេះ៕

៤៖ គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរនៃកោះ សាំងវិច (Sandwich) ភាគខាងត្បូង ក្នុងមហាសមុទ្រ​អាត្លង់ទិកនៅម៉ោង ១០៖២៦នាទីព្រឹកថ្ងៃអង្គារ​នេះ (ម៉ោងនៅ​ទីក្រុងប៉េកាំង) ដែលជាតំបន់មានមនុស្ស រស់នៅតែជាង ៣០នាក់ប៉ុណ្ណោះ (តួលេខឆ្នាំ២០១០)៕

៥៖ អាជ្ញាធរអាមេរិក បានចាប់ខ្លួនមនុស្ស៣២នាក់ ក្នុងបាតុកម្មតវ៉ាមួយរៀបចំឡើងក្រុមសមាគមឈ្មោះ Quaker នៅឯតំបន់ព្រំដែនជាប់ម៉ិចស៊ីកូ៕

៦៖ នៅទីបំផុត ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង បានសម្រេចចិត្តប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន ផ្នែកសេដ្ឋកិច្ច និងសង្គមនៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីទប់ទល់នឹងបាតុកម្មដ៏ហិង្សារបស់ក្រុមបាតុករអាវកាក់ពណ៌លឿង៕