(កង់បេរ៉ា)៖ ទីបំផុតយាន​អវកាស Voyager-2 របស់ទីភ្នាក់ងារ​អវកាសអាមេរិក NASA បានចេញផុត​ពីដែនសីមា​​របស់​ព្រះអាទិត្យហើយ​ឈានចូលដល់តំបន់​ចន្លោះ​ប្រព័ន្ធផ្កាយ ដែលគេហៅថា «Interstellar Space» ដូចយានភ្លោះរបស់វា​ គឺ Voyager-1 ដែរហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃ​អង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

បើតាមសេចក្តី​ប្រកាស​របស់ NASA យាន Voyager-2 ដែលកំពុងស្ថិត​នៅចម្ងាយ​ប្រមាណ ១៨​ពាន់លានគីឡូម៉ែត្រ​ពី​​​ផ្កាយ​របស់​យើង បានឆ្លងចូល​តំបន់ Interstellar Space ហើយ ក្រោយការ​ធ្វើដំណើររយៈពេល ៤១ឆ្នាំ ក្នុងទីអវកាស​ជាមួយ​ចម្ងាយផ្សងព្រេង​សរុប​ប្រហែល ៣០ពាន់លាន​គីឡូម៉ែត្រ។

គួរជម្រាបថា យានអវកាស Voyager-2 គឺជាយានទី ២ ហើយ​ដែលបានស្គាល់តំបន់ Interstellar Space ដែលស្ថិត​នៅ​ចម្ងាយ ១៨ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ ក្រោយពីយាន Voyager-1 ដែលជាយានភ្លោះរបស់វា បាន​ឆ្លងចូលតំបន់​​​នេះកាលពីខែសីហា ឆ្នាំ២០១២ ពោលគឺ៣៥ឆ្នាំក្រោយ​វាត្រូវបានគេបញ្ជូនឡើងទីអវកាស។ បច្ចុប្បន្ន Voyager-1 ស្ថិត​នៅចម្ងាយ​ជាង​២១ពាន់លានគីឡូម៉ែត្រពីព្រះអាទិត្យ។

ដោយ​សារតែទីតាំង​ និងចម្ងាយ​​ដ៏ឆ្ងាយរបស់ Voyager-2 ពីផែនដី​មានតែ​មូលដ្ឋានតេឡេស្កូប​ចំនួនពីរ​ប៉ុណ្ណោះ​​របស់អូស្រ្តាលី ដែលមានសមត្ថភាពទទួល​ទិន្នន័យពីយានអវកាសនេះបាន ខណៈអង្គការ NASA ក៏ទើបតែ​បានចាប់ដៃសហការជាមួយ​ទីភ្នាក់ងារវិទ្យាសាស្រ្តជាតិអូស្រ្តាលី ជុំវិញបញ្ហានេះផងដែរ។ ​​

ក្នុង​អំឡុងពេលជាង​​ ៤០ឆ្នាំ​របស់វា យានអវកាស Voyager-2 បានហោះកាត់ភពព្រហស្បតិ៍ (Jupiter), ភពសៅរ៍ (Saturn), ភពអុយរ៉ាណុស, និង​ភពណិបទូន ​ដោយបានផ្តល់ព័ត៌មាន​មានប្រយោជន៍ជាច្រើន​អំពី​ភពទាំងបួន ដែល​ជាប្រយោជន៍​ដល់​ការសិក្សាស្រាវជ្រាវ​រាប់ទសវត្សរ៍​មកនេះ៕​