(ម៉ូស្គូ)៖ វិមានគ្រឹមឡាំង​បាននិយាយថា ការសម្រេចចិត្ត​របស់​អ៊ុយក្រែន​ក្នុង​ការមិន​បន្ត​សុពលភាពលើសន្ធិសញ្ញា​មិត្តភាព​ជាមួយរុស្ស៊ី គឺជារឿងគួរ​ឱ្យសោកស្ដាយ​ជាទីបំផុត និងប្រឆាំង​នឹងផលប្រយោជន៍​របស់ប្រជាជន​អ៊ុយក្រែន។ នេះបើ​តាមការ ចេញផ្សាយ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅរសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នក​សារព័ត៌មានក្នុង​ទីក្រុងម៉ូស្គូ នៅថ្ងៃចន្ទ​សប្ដាហ៍នេះ អ្នកនាំពាក្យ​វិមានក្រឹមឡាំង លោក ឌីមីទ្រី ផេស្កូវ (Dmitry Peskov) បានលើកឡើង​យ៉ាងដូច្នេះថា «យើងបានត្រឹមតែសម្ដែងការ​សោកស្ដាយ​ប៉ុណ្ណោះ ចំពោះការសម្រេច​ចិត្តដ៏ឆាប់រហ័សរបស់​ថ្នាក់ដឹកនាំ​អ៊ុយក្រែន ហើយជាការ​យល់ឃើញ​របស់យើង ការសម្រេចចិត្តនេះ​គឺការមិនគោរពដល់​ប្រជាជន និងផលប្រយោជន៍​របស់ខ្លួន​ឯង»

គួរបញ្ជាក់ថា ប្រធានាធិបតី​អ៊ុយក្រែន លោក ផេត្រូ ផរ៉ូហ្សេនកូ (Petro Poroshenko) បានចុះហត្ថលេខា​លើច្បាប់មួយ​ ដើម្បីបញ្ចប់​សន្ធិសញ្ញា​មិត្តភាព​កិច្ចសហប្រតិបតិ្តការ និងភាពជាដៃ​រវាងអ៊ុយក្រែន និងរុស្ស៊ី ដែលបានធ្វើឡើង​កាលពី​ឆ្នាំ១៩៩៧។ ភាពតានតឹង រវាងទីក្រុងកៀវ និង​ទីក្រុងម៉ូស្គូ បានផ្ទុះឡើង​ជាថ្មីក្រោយមាន​ការប៉ះទង្គិចគ្នា និងការរឹបអូសទូក​អ៊ុយក្រែនជាច្រើន​គ្រឿង ពីសំណាក់រុស្ស៊ី​នៅឯច្រក​សមុទ្រ Kerch។ ប៉ុន្តែ​តាមការពិតភាពតានតឹង​រវាងរុស្ស៊ី និងអ៊ុយក្រែន បានកើតឡើង​តាំងតែពី ឆ្នាំ២០១៤មកម្ល៉េះ ក្រោយរុស្ស៊ី​ក្រសោបយកតំបន់ឧបទ្វីបគ្រីមៀ​ពីអ៊ុយក្រែន៕