(ម៉ូស្គូ)៖ យន្តហោះទម្លាក់​គ្រាប់បែក​រុស្ស៊ីធុន Tu-160 ចំនួន ០២គ្រឿង ត្រូវបានបញ្ជូន​ទៅដល់​​វេណេស៊ុយអេឡា បន្ទាប់​ពី​ប្រធានាធិបតី​វេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌីរ៉ូ បានអះអាងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក​កំពុងរៀប​ចំគម្រោងធ្វើរដ្ឋប្រហារ​នៅ​​ក្នុងប្រទេស​លោក។ នេះបើតាម​ការដកស្រង់ការផ្សាយ​ចេញពី​ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

ក្រសួងការពារជាតិ​រុស្ស៉ីបានចេញសេចក្តី​ថ្លែងការណ៍​ឲ្យដឹងថា ​​នាថ្ងៃចន្ទសប្តាហ៍​នេះ យន្តហោះ​ទម្លាក់​គ្រាប់បែក Tu-160 ទាំង ០២គ្រឿង បានហោះហើរ​​ចម្ងាយ​១០,០០០គីឡួម៉ែត្រ​ឆ្លងកាត់សមុទ្រ​បារិន សមុទ្រន័រវេស សមុទ្រ​​ការី​បៀន ព្រមទាំង​មហា​សមុទ្រអាត្លង់ទិក​ចេញពីប្រទេសរុស្ស៊ី​ ទៅដល់​អាកាសយានដ្ឋាន​​អន្តរជាតិស៊ីម៉ុនបូលីវ៉ា (Simon Bolivar) នៅទីក្រុង​ម៉ៃក្វេធា (Maiquetia) ក្បែរ​​រដ្ឋធានី​ការ៉ាកាស់។

​រដ្ឋមន្រ្តីការពារជាតិ​វេណេស៊ុយអេឡា​លោក វ្លាឌីមៀ ផាទ្រីណូ ឡូប៉ែស (Vladimir Padrino Lopez​) ដែលជាអ្នកទទួលស្វាគមន៍ ​ការ​មកដល់​នៃ​យន្ត​ទម្លាក់​គ្រាប់បែក​រុស្ស៉ី​បាន​និយាយ​ថា វេណេស៊ុយអេឡា​កំពុងត្រៀមលក្ខណៈ​ដើម្បីការពារខ្លួន នៅពេលចាំបាច់ ជាមួយ​​​ប្រទេសជាមិត្ត​ទាំងឡាយ ដែល​គាំទ្រ​ទំនាក់ទំនងផ្អែកលើ​ការគោរពគ្នា​ទៅវិញ​ទៅមក។

គួរជម្រាបថា ការចល័ត​យន្តហោះ​របស់រុស្ស៊ី ត្រូវបានធ្វើឡើង​បន្ទាប់ពី​លោក ម៉ាឌូរ៉ូ ទើបតែ​បានបង្ហាញការ​ជឿជាក់​​ថា​ ​អាមេរិកកំពុងរៀបចំ​ការធ្វើរដ្ឋប្រហារ​នៅ​វេណេស៊ុយអេឡា៕