(ប៉េកាំង)៖ តុលាការចិនមួយ​បានចេញសេចក្ដី​បង្គាប់បឋម ដែលនឹងហាមឃាត់​ការលក់ទូរស័ព្ទដៃ iPhone ស៊េរី​មុនៗភាគច្រើន​របស់​ក្រុមហ៊ុន Apple នៅក្នុង​ប្រទេសចិន តបតាមពាក្យបណ្ដឹង​របស់ក្រុមហ៊ុនផលិតបន្ទះ​ឈីបអាមេរិក Qualcomm។ ការ សម្រេចចិត្តនេះ​ត្រូវបានគេមើល​ឃើញថា ហាក់ដូចជាការចាត់វិធាន​ឆ្លើយ​តបទៅនឹង​ការធ្វើទុកបុកម្នេញរបស់​អាជ្ញាធរអាមេរិក មកលើវិស័យវិនិយោគផ្នែក​ទូរគមនាគមន៍របស់ចិន​នៅទូទាំងពិភពលោក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Russian Today នៅរសៀល​ថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

ក្រុមហ៊ុនយក្ស​អាមេរិក​ទាំងពីរ គឺក្រុមហ៊ុន Qualcomm និង​ក្រុមហ៊ុន Apple មានជម្លោះនឹងគ្នា​អស់រយៈពេលច្រើន​ឆ្នាំមក​ហើយ ជុំវិញកម្មសិទ្ធិបញ្ញា។ ដោយឡែក នៅក្នុងសេចក្ដីបង្គាប់​របស់តុលាការចិន ក្រុមហ៊ុន Qualcomm បានអះអាងថា ក្រុមហ៊ុន Apple បានរំលោភប័ណ្ណប៉ាតង់កម្មសិទ្ធិបញ្ញា​ ផ្នែកបច្ចេកវិទ្យាចំនួនពីររបស់​ខ្លួន ដែលត្រូវបាន​ប្រើប្រាស់នៅក្នុង​ទូរស័ព្ទ ដូចជា Phone 6S, iPhone 6S Plus, iPhone 7, iPhone 7 Plus, iPhone 8, iPhone 8 Plus និង iPhone X។

ម្យ៉ាងវិញទៀត បើសិនជាសេចក្ដី​បង្គាប់ខាងលើត្រូវបាន​អនុវត្តមែន នោះទូរស័ព្ទម៉ូឌែល​ទាំងនេះ​នឹងត្រូវហាមឃាត់ក្នុង​ការលក់​នៅក្នុងប្រទេសចិន ជាទីដែល​ក្រុមហ៊ុនម៉ាកសញ្ញាផ្លែប៉ោមមួយនេះ គ្រប់គ្រងទីផ្សារជិត ២៥ភាគរយ បើគិតពីតួលេខកាលពី​ចុងឆ្នាំ២០១៧។
តែទោះជា​យ៉ាងនេះក្ដី ក្រុមហ៊ុន Apple​ បានច្រានចោល​ការអះអាង​របស់ Qualcomm ដោយបញ្ជាក់ថា ទូរស័ព្ទដៃរបស់ខ្លួន​នៅតែមានវត្តមាន​ក្នុងទីផ្សារ​របស់ចិន ហើយថាសេចក្ដីបង្គាប់​មានជាប់ពាក់ព័ន្ធតែ​ទូរស័ព្ទ iOS ស៊េរី​ចាស់ៗតែប៉ុណ្ណោះ។

គួរជម្រាបថា ការចេញសេចក្ដី​បង្គាប់របស់តុលាការ​ចិន ធ្វើឡើងតែប៉ុន្មាន​ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីអាជ្ញាធរ​អាមេរិកបានចាត់វិធានការកាន់តែក្តៅ ទៅលើក្រុមហ៊ុន​បម្រើសេវា​ទូរគមនាគមន៍ដ៏ធំបំផុតរបស់ចិន។ លើសពីនេះទៅ​ទៀត ក្រុមអ្នកជំនាញខ្លះ​ក៏យល់ដែរថា សេចក្ដី​បង្គាប់នេះ​ទៀតសោត អាចជាវិធានការ​ឆ្លើយរបស់ទីក្រុង​ប៉េកាំង ទៅនឹង​សហរដ្ឋអាមេរិក ដែលបានជំរុញ​ឱ្យបុគ្គលិកក្រសួង​អាមេរិកនានា ឈប់ប្រើប្រាស់ផលិតផល​បច្ចេកវិទ្យា ដូចជាទូរស័ព្ទ​ដៃរបស់​ចិន៕