(ប៉ារីស)៖ នាថ្ងៃចន្ទ​សប្តាហ៍នេះ​ប្រធានាធិបតី​បារាំង លោក អ៊ែមម៉ានុយអ៊ែល ម៉ាក្រុង (Emmanuel Macron) បានប្រកាសពីវិធានការ​ដើម្បីឆ្លើយ​តប​ចំពោះ​ក្រុមបាតុករ​អាវកាក់ពណ៌​លឿង ហើយការចំណាយ​សម្រាប់វិធានការ​ទាំងនេះ ត្រូវបានអនុរដ្ឋមន្រ្តីមុខងារ​​​សាធារណៈ​ និងថវិកាបារាំងលោក អូលីវីយេ ឌុយស៊ុប (Olivier Dussopt) ​​អះអាងថា អាចចាប់ពី ០៨ ទៅ ១០ពាន់លានអឺរ៉ូ (៩.១ទៅ១១.៤ពាន់លានដុល្លារ)។ នេះបើ​តាមការដក​ស្រង់ការ​ផ្សាយ​ចេញពី​សារព័ត៌មាន​រុស្ស៉ី Sputnik នៅរសៀលថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

លោក Macron បានប្រកាសដាក់​ប្រទេសបារាំង​ក្នុង​ភាពអាសន្នផ្នែក​សេដ្ឋកិច្ច​ និងសង្គម។ លោក​ប្រធានាធិបតី​​បារាំង​បាននិយាយថា ចាប់ពីឆ្នាំ២០១៩ទៅ ប្រាក់ឈ្នួល​​​អប្បបរមា​នឹងកើន ១០០អឺរ៉ូ (ជាង១១៣ដុល្លារ) ក្នុងមួយខែ។ វិធានការ​​ដែលស្នើឡើងនេះ ក៏មានចាត់បញ្ចូលនូវ​​ប្រាក់ឧបត្ថម្ភដំណាច់​ឆ្នាំ ​មិនជាប់ពន្ធសម្រាប់​នយោជិក និងការអនុគ្រោះ​ពន្ធ​ឲ្យ​​​​​​​និវត្តជនដែល​មានប្រាក់ចំណូលទាបជាង ២,០០០អឺរ៉ូ (២,២៧៤ដុល្លារ) ក្នុងមួយខែ។

គួរជម្រាបថា បាតុកម្មទ្រង់ទ្រាយធំបានផ្ទុះឡើងបួនសប្តាហ៍ជាប់គ្នាហើយ គិតចាប់តាំងពីពាក់កណ្តាលខែវិច្ឆិកាមក នៅ​ពេល​​ក្រុមបាតុកម្មអាវពណ៌លឿង​ បានប្រមូលផ្តុំគ្នាធ្វើសកម្មភាពតវ៉ា​​ដែលមានដំបូងឡើយ មានគោលដៅ​បង្ខំឲ្យ​លោក Macron បោះបង់ចោល​គម្រោង​ដ៏ចម្រូងចម្រាសរបស់លោក ក្នុងការដំឡើងពន្ធប្រេងម៉ាស៊ូត​និងប្រេងសាំង​ប៉ុណ្ណោះ​។

គួរបញ្ជាក់ថា បើតាមទិន្នន័យ​ចុងក្រោយរបស់ក្រសួងមហា​ផ្ទៃបារាំង មនុស្សច្រើនជាង ៤,៥០០នាក់ត្រូវបានចាប់ខ្លួន ហើយក្នុង​នោះ ៤,០៩៩នាក់ កំពុងជាប់ឃុំនៅឡើយ ខណៈមនុស្ស​​០៤នាក់ហើយបានស្លាប់ គិតចាប់តាំង​ពីបាតុកម្មបាន​ផ្ទុះឡើងកាល​ពីថ្ងៃទី១៧ ខែវិច្ឆិកាមក៕