(ប៉េកាំង)៖ គ្រោះរញ្ជួយដីកម្រិត ៧.៥រ៉ិចទ័រ បានវាយប្រហារលើតំបន់ឆ្នេរនៃកោះ សាំងវិច (Sandwich) ភាគខាងត្បូងក្នុងមហាសមុទ្រ​អាត្លង់ទិកនៅម៉ោង ១០៖២៦នាទីព្រឹកថ្ងៃអង្គារ​នេះ (ម៉ោងនៅ​ទីក្រុងប៉េកាំង) ដែលជាតំបន់មានមនុស្សរស់នៅតែជាង ៣០នាក់ប៉ុណ្ណោះ (តួលេខឆ្នាំ២០១០)។ នេះបើ​តាមមជ្ឈមណ្ឌល​បណ្ដាញតាមដានគ្រោះ​រញ្ជួយដីចិន (CENC) ដកស្រង់​ដោយទីភ្នាក់ងារសារព័ត៌មាន​​ចិនស៊ីហួរ នៅព្រឹកថ្ងៃអង្គារ ទី១១ ខែធ្នូ ឆ្នាំ២០១៨។

យោងតាម CENC គ្រោះរញ្ជួយដីនេះ​ស្ថិតនៅលើមាន​រយៈទទឹងខាងត្បូង ៥៨.៣៤ដឺក្រេ និងរយៈ​បណ្ដោយ​ខាងលិច ២៦.៥៤ដឺក្រេ។ គ្រោះរញ្ជួយដីនេះ​ត្រូវបាន​គេ​អះអាងថា កើតឡើងនៅតំបន់​ដាច់ស្រយាលមួយប៉ុណ្ណោះ នៃកោះសាំងវិច ដែលស្ថិត​នៅភាគខាងជើង​ទ្វីបអង់តាក់ទិក នៃប៉ូលខាងត្បូង​ភពផែនដី ខណៈពុំមាន​ការព្រមានណាមួយថា នឹងអាច​កើតមានរលកយក្ស​ស៊ូណាមិនោះ​ឡើយ៕