(ញូដេលី)៖ នាថ្ងៃចន្ទនេះឥណ្ឌាបានធ្វើការបាញ់សាកល្បងដោយជោគជ័យមីស៊ីល​ផ្លោង​រយៈចម្ងាយឆ្ងាយ Agni-V ចេញពីមូលដ្ឋានសម្រាប់ការធ្វើតេស្តសព្វាវុធ នៅរដ្ឋ Odisha ភាគខាងកើត​ប្រទេស។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃ​ចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។

មីស៊ីល Agni-V ត្រូវគេរំពឹងថានឹង​អាច​ប្រើប្រាស់បានជាផ្លូវការនាពេលឆាប់ៗខាងមុខ។ មីស៊ីលរយៈចម្ងាយឆ្ងាយនេះ មានសមត្ថភាព វាយប្រហារដល់​គ្រប់គោលដៅ​នៅក្នុង​ទ្វីប​អាស៊ី ព្រមទាំង​តំបន់មួយចំនួននៃទ្វីបអាហ្វ្រិកនិងអឺរ៉ុប។

ការធ្វើសាក​ល្បងខាងលើគឺជាជោគជ័យលើកទី០៣ហើយនៃមីស៊ីល Agni-V ក្នុងឆ្នាំនេះ។ Agni-V ​ដែលមាន​ប្រវែង​១៧ម៉ែត្រនិងទំហំ​០២ម៉ែត្រ និង​អាចផ្ទុកក្បាលគ្រាប់​ធម្មតា​ឬ​នុយ​ក្លេអ៊ែរ​ទម្ងន់​សរុប​១.៥តោនបាន ត្រូវគេចាត់ទុកថាជាសព្វាវុធមួយដើម្បី​កម្លាចចិន។

កន្លងមកនេះ ចិនធ្លាប់បានបង្ហាញការមិនពេញចិត្តជាចំហ ជុំវិញគម្រោងអភិវឌ្ឍន៍​​មីស៊ីល​ Agni-V នៅពេលមីស៊ីលនេះត្រូវបានធ្វើតេស្តកាលពីខែធ្នូ ឆ្នាំ២០១៦។ ទីក្រុងប៉េកាំង​បាន​ចាត់ទុកការធ្វើតេស្តនេះថា ជាការបំពានលើច្បាប់របស់​ក្រុមប្រឹក្សាសន្តិសុខ​ជាតិ​នៃអង្គការ​សហប្រជាជាតិ និង​បានបង្កការគំរាមកំហែង​ដល់​តុល្យភាព​យុទ្ធសាស្រ្តភូមិសាស្រ្ត​នយោ​បាយនៅតំបន់អាស៊ីខាងត្បូង៕