(ម៉ូស្គូ)៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌីមេទ្រី ផេស្កូវ (Dmitry Peskov) នាថ្ងៃចន្ទនេះបានចេញមុខបកស្រាយ​ថា​ រុស្ស៊ីចាត់ទុក​បាតុកម្មនៅបារាំង​ជារឿង​ផ្ទៃក្នុងរបស់ប្រទេសនោះ ហើយមិនបានលូកដៃជ្រៀត​ជ្រែក​កិច្ចការផ្ទៃ​ក្នុង​នៃ​ប្រទេសដទៃទៀតឡើយ ដោយការអះអាងថារុស្ស៉ីមានជាប់ពាក់ព័ន្ធនឹងបាតុកម្មនៅបារាំង គឺជាការមួលបង្កាច់​ចង់​បង្ខូច​កេរ្តិ៍​ឈ្មោះ​ទីក្រុងម៉ូស្គូសុទ្ធសាធ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាចថ្ងៃ​ចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។

លោក Peskov បានថ្លែងនៅចំពោះមុខក្រុមអ្នកសារព័ត៌មានយ៉ាងដូច្នេះថា «ខ្ញុំសូមចេញមុខបកស្រាយថា រុស្ស៉ីចាត់​ទុកអ្វីៗដែលកើតឡើងគឺជា​រឿងផ្ទៃក្នុងរបស់បារាំងសុទ្ធសាធ។ យើងពុំបានជ្រៀតជ្រែក​ហើយក៏មិនមានគម្រោង​ចូល​លូកលាន់​កិច្ចការផ្ទៃក្នុង​របស់ប្រទេសណាមួយឡើយ រួមទាំងប្រទេសបារាំង​»។ បើតាមលោក Peskov ទីក្រុង​ម៉ូស្គូ ផ្តល់តម្លៃជាខ្លាំងដល់​​ការអភិវឌ្ឍ​ទំនាក់ទំនងជាមួយរដ្ឋាភិបាលប៉ារីស និង​គោរពជានិច្ចចំពោះ​អធិប​តេយ្យ​ភាព​​របស់បារាំង។

គួរជម្រាបថា ការចេញមុខច្រានចោលរបស់អ្នកនាំពាក្យវិមានក្រឹមឡាំង បានកើតមានឡើង បន្ទាប់ពីរដ្ឋមន្រ្តីការបរ​ទេសបារាំង កាលពីថ្ងៃអាទិត្យ បានឲ្យដឹងថា​អាជ្ញាធរបារាំង កំពុងបើកការស៊ើបអង្កេតលើសេចក្តីរាយការណ៍ដែល​ថា ​​រុស្ស៉ីបានជ្រៀតជ្រែកក្នុង​សកម្មភាពបាតុកម្មអាវកាក់ពណ៌លឿង ដែលកំពុងបន្តផ្ទុះឡើង​ដោយហិង្សានៅបារាំង៕