(គែរ)៖ អាជ្ញាធរអេហ្ស៊ីបកំពុងបើកការស៊ើបអង្កេតទៅលើ​ ករណី​​គូស្នេហ៍​​ជនជាតិដាណឺម៉ាក​មួយគូ​ ដែលទំនង​ជាបាន​ថត​រូបអាក្រាតកាយ និងធ្វើសកម្មភាពរួមរ័ក្សនៅលើ​​ប្រាសាទពីរ៉ាមីត​ដ៏ល្បីឈ្មោះប្រចាំប្រទេស​អេហ្ស៊ីប។ នេះ​បើតាម​ការ​​ដកស្រង់ការផ្សាយ​ចេញពី​សារព័ត៌មានរុស្ស៉ី Sputnik នៅល្ងាច​ថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។​

ឃ្លីបវីដេអូលាយឡំជាមួយរូបភាព ដែលបង្ហាញពីសកម្មភាព​គូស្នេហ៍ជនជាតិ​ដាណឺម៉ាក​មួយគូ ឡើងទៅកាន់​​កំពូល​​ប្រាសាទពីរ៉ាមីត​ជីហ្សា (Great Pyramid of Giza) បានទាក់ទាញ​ចំណាប់អារម្មណ៍ពី​អាជ្ញាធរ​អេហ្ស៉ីប និង​បង្កឲ្យ​ផ្ទុះការរិះគន់ក៏​ដូចជាថ្កោលទោសភ្លាមៗ​ ពីសំណាក់​ប្រជាពលរដ្ឋ​នៃប្រទេស​អេហ្ស៉ីប។

វីដេអូមួយមាន​ចំណងជើងថា «ដំណើរឡើងទៅកាន់​ប្រាសាទពីរ៉ាមីត​ជីហ្សា (Climbing the Great Pyramid of Giza)» ​បានបង្ហាញសកម្មភាព​គូស្នេហ៍ខាងលើ ឡើងទៅកាន់កំពូលនៃសំណង់ស្ថាបត្យកម្ម​ដ៏កំពូល ដែលបន្សល់​ទុកតាំង​ពី​សម័យ​បុរាណរាប់ពាន់ឆ្នាំនេះ។

នៅពេលឡើង​ដល់កំពូលប្រាសាទ អ្នកទាំងពីរបានអបអរ​​ការខិតខំប្រឹងប្រែង​របស់ពួកគេ​ តាមរយៈការ​ជក់បារី ប៉ុន្តែវា​ពុំមែនជាផ្សែង​បារីឡើយ ដែលទាក់​ទាញ​ការចាប់អារម្មណ៍​ពីអាជ្ញាធរ និងសាធារណជនអេហ្ស៉ីប ហើយការ​ល្មើស​ការ​​ហាមឃាត់ក្នុងការឡើង​ប្រាសាទពីរ៉ាមីតនោះ​ក៏មិនមែនដែរ ប៉ុន្តែគឺអ្វីដែល​បានកើតឡើងបន្ទាប់​ទៀតនៅ​ក្នុងវីដេអូ។

នៅខាងចុងឃ្លីបវីដេអូខាងលើ នារីជាគូស្នេហ៍​ដែលមុខត្រូវបិទបាំង ក៏បានដោះអាវ​របស់ខ្លួន ដោយបន្សល់ទុក​នូវ​សល់តែខោក្នុង​ប៉ុណ្ណោះ។ ឃ្លីបវីដេអូដើម​នៃសកម្មភាពនេះ ​មានរួមបញ្ចូល​នូវរូបសន្លឹក​នៃគូស្នេហ៍ទាំងពីរ​នាក់​ហាក់ដូច​​ជា​កំពុង​តែ​រួម​រ័ក្សគ្នា​នៅលើប្រាសាទដោយមាន​ទេសភាពភ្លឺចែងចាំង​ នៃទីក្រុងគែរនៅពី​ខាងក្រោយ។ ក្រោយ​ពី​ត្រូវ​​បាន​លុប​ចេញ​​វិញ​ពី Youtube ឃ្លីបវីដេអូនេះ​ត្រូវបានបង្ហោះ​ឡើងវិញ ប៉ុន្តែមិនមាន​រូបភាព​ក្តៅសាច់​នេះឡើយ។ ទោះ​ជា​​បែប​នេះក្តី​​ រូបភាពនេះ នៅតែមានវត្តមាន​នៅលើវែបសាយ​របស់លោក Andreas Hvid ដែលជា​អ្នកថតរូប។

គួរជម្រាបថា អ្នកថតរូបជនជាតិ​ដាណឺម៉ាក លោក Hvid ត្រូវគេស្គាល់ថា ជាអ្នកនិយម​​សិល្បៈបែប​អាក្រាតកាយ ដោយ​រូបថត​និងឃ្លីប​​ដែល​លោកបង្កើតឡើង​​ភាគច្រើន បង្ហាញពីនារីនិង​បុរស​ព្រលែង​ខ្លួនទទេ នៅតាមកន្លែង​​ប្លែកៗ​ដូចជា​​លើដំបូងអគារ និងសំណង់ល្បីៗផ្សេងៗជាដើម។

បើតាមការបញ្ជាក់ពី លោក Hvid ឃ្លីបវីដេអូ និងរូបភាពនេះ​ត្រូវបានផ្តិតយក​កាលពីចុងខែវិច្ឆិកា​កន្លងទៅ ហើយ​ការឡើងប្រាសាទពីរ៉ាមីតជីហ្សា ចំណាយពេល​ប្រហែល ២៥នាទី ខណៈ​​រូបលោក​បានទទូចថា គូស្នេហ៍មួយគូនោះ​​ពុំបានរួមរ័ក្សគ្នា​មែនទែន​ នៅលើកំពូល​ប្រាសាទឡើយ ដោយវាគ្រាន់​តែជាការរៀបប្លង់ថត​ប៉ុណ្ណោះ។​

យ៉ាងណាមិញ អាជ្ញាធរអេហ្ស៉ីប​កំពុងបើកការស៊ើបអង្កេត​លើករណីនេះ ហើយការដាក់ពិន័យ​គឺអាស្រ័យថា តើ​ហេតុ​ការណ៍​ខាងលើបានបង្កការខូចខាត ​ដល់សំណង់ប្រាសាទ​ដែរ ឬយ៉ាងណា។ ទន្ទឹមនឹងនេះ ​អ្នកបុរាណវិទ្យា​អេហ្ស៊ីប​ម្នាក់​​បានលើក​ឡើងថា រូបភាពរួមរ័ក្ស​គ្នានោះ គឺជារូបភាពកាត់ត​ទៅវិញទេ ដោយសម្អាតថា​តំបន់ប្រាសាទពីរ៉ា​មីត​​ហ្គីហ្សា​មានការយាម​កាមតឹងរ៉ឹង ហើយដុំថ្មនៅកន្លែង​ថតឈុតក្តៅសាច់នោះ មើលទៅដូច​ជាតូចពេក មិនដូចថ្មរបស់​ប្រាសាទ​​ពីរ៉ាមីតពិត​នោះទេ៕​