(ម៉ូស្គូ)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​ឯកភាព​ចំពោះសំណើរបស់រដ្ឋមន្ត្រី​ការពារជាតិ​លោក ចេមស៍ ម៉ាត់ទីស (James Mattis) ក្នុងការបង្កើនកញ្ចប់​ថវិកាការពារជាតិដល់ ៧៥០ពាន់លានដុល្លារ​ក្នុងសារពើពន្ធឆ្នាំ២០១៩។ នេះបើតាម CNN ដកស្រង់ដោយ​សារព័ត៌មាន Sputnik នៅរសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។

យោងតាម​សារព័ត៌មាន CNN​ លោក ដូណាល់ ត្រាំ បានបង់ចោល​គំនិតកាត់បន្ថយកញ្ចប់​ថវិកាការពារជាតិ ហើយបានបើក ភ្លើងខៀវលើ​សំណើបង្កើនកញ្ចប់​ថវិកាជាង ៧៥០ពាន់លានដុល្លារ ដែលនេះនឹង​ធ្វើឱ្យក្រសួងការពារជាតិ​អាមេរិកមានកញ្ចប់ ថវិកាលើសកញ្ចប់​ថវិកាបច្ចុប្បន្ន ៨០ពាន់លានដុល្លារ នៅឆ្នាំ២០១៩។

គួរបញ្ជាក់ថា កាលពីខែតុលា កន្លងទៅ​លោក ដូណាល់ ត្រាំ ធ្លាប់បាន​និយាយថា សហរដ្ឋអាមេរិក​នឹងបង្កើនកងទ័ព​អវកាស ដើម្បីទប់ទល់​ជាមួយចិន​នឹងរុស្ស៊ី ដូច្នេះការបង្កើនកញ្ចប់​ថវិកាការពារជាតិគឺ​ជារឿងសំខាន់។ ប៉ុន្តែ​គួរកត់សម្គាល់​លោក ត្រាំ កាលពី​សប្ដាហ៍​មុន​បានបញ្ជាក់ថា ការចំណាយ​លើកញ្ចប់ថវិកា​ការពារជាតិ គឺមានចំនួន​ច្រើន​ហួសហេតុ និងថា​លោកចង់​បើកកិច្ចប្រជុំត្រីភាគី​ជាមួយចិន និងរុស្ស៊ី ដើម្បីបញ្ចប់ការរត់ប្រណាំង​សព្វាវុធ៕