p>​(ព្រុចសែល)៖ ប៉ូលិសប៊ែលហ្សិក​បានឃុំខ្លួនបាតុករច្រើនជាង ៤០០នាក់ បន្ទាប់ពីពួកគេ​បាន​​យកគំរូតាម​ក្រុមកុប្បករនៅប្រទេសបារាំង ដោយពាក់អាវកាក់ពណ៌លឿងហើយ​ដើរ​ដង្ហែក្បួន គប់ដុំថ្ម និងបាញ់កាំជ្រួច ព្រមទាំងបំផ្លាញ​ហាងទំនិញ ក៏ដូចជារថយន្ដ​ជាច្រើន​គ្រឿង ដើម្បីព្យាយាមចូល​​ក្នុងអគាររដ្ឋាភិបាល​​ ក្នុងទីក្រុង​​​ព្រុចសែល។ នេះបើតាម​ការចេញផ្សាយ​ដោយសារព័ត៌មាន Straitstimes នៅរសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។

បាតុកម្មតវ៉ា​របស់ក្រុមអាវកាក់​ពណ៌លឿង នៅក្នុងទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក បានផ្ទុះឡើងអស់រយៈពេលជាង ០៨ ថ្ងៃមកហើយ។ ចំណែកឯបាតុកម្មតវ៉ាកាលពី​ថ្ងៃសៅរ៍កន្លងទៅ បានផ្ទុះឡើងបែបហិង្សាខ្លាំងក្លា រហូតឈានដល់ការចាប់ខ្លួនបាតុករ
រាប់រយនាក់ បន្ទាប់ពីមាន​ការប៉ះទង្គិចគ្នារវាង​ក្រុមបាតុករ និងប៉ូលិសជាង ១,០០០នាក់ ដែលត្រូវបានដាក់ពង្រាយ ដើម្បីការពារ​សន្តិសុខសណ្ដាប់ធ្នាប់។

បន្ថែមពីខាងលើនេះ នៅក្នុងការប៉ះ​ទង្គិចគ្នានោះ ប៉ូលិសប៊ែលហ្សិក​បានបង្ខំចិត្តប្រើប្រាស់​ឧស្ម័នបង្ហូរ​ទឹកភ្នែក និងកាណុងបាញ់​​ទឹក​ដើម្បីបំបែកហ្វូងបាតុករ​ដែលប្រើហិង្សា​ ក្នុងពេលពួកគេព្យាយាម​ចូលក្នុងអគាររដ្ឋាភិបាលក្នុងទីក្រុង​ព្រុចសែល។

គួរបញ្ជាក់ថា ក្រុមបាតុករអាវកាក់ពណ៌​លឿងនៅក្នុងប្រទេស​ប៊ែលហ្សិក បានយកគំរូតាម​ក្រុមកុប្បករនៅក្នុងប្រទេស​បារាំង ក្នុងការសម្ដែង​ការជំទាស់របស់ពួកគេ ប្រឆាំងនឹងការឡើងថ្លៃ​ទំនិញ។ ក្រៅពីប៊ែលហ្សិក ប្រទេសម៉ុងតេណេក្រូ ក៏ហាក់​កំពុងត្រៀម​ខ្លួនប្រឈមមុខនឹងវិបត្តិដូចគ្នានេះដែរ៕