(អ៊ីស្រាអែល)៖ រដ្ឋាភិបាល​អ៊ីស្រាអែល​នាថ្ងៃអាទិត្យ បានបើកកិច្ចពិភាក្សាអំពីការ​ត្រៀមលក្ខណៈ ដើម្បីទទួល​ក្រុម​ជន​ភៀសខ្លួនជ្វីបចំនួនថ្មី​ពីប្រទេសបារាំង ដោយសារក្តី​ព្រួយបារម្ភចំពោះ​ការកើនឡើង​នៃការស្អប់ខ្ពើម​ និងរើសអើង​ជនជាតិ​ជ្វីប​នៅក្នុងតំបន់​អឺរ៉ុប។ នេះបើតាមការដក​ស្រង់ការផ្សាយចេញ​ពី សារព័ត៌មាន​រុស្ស៉ី Sputnik នៅរសៀលថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។

ក្រោយចេញលទ្ធផល​នៃកិច្ចប្រជុំ​រដ្ឋាភិបាល នាយករដ្ឋមន្រ្តីអ៊ីស្រាអែល​លោក ប៊ិនចាមីន ណឺតាន់យ៉ាហ៊ូ បាន​បង្គាប់​​ឲ្យ​មានការបង្កើត​កម្មវិធីថ្នាក់ជាតិមួយ​ ដើម្បីជំរុញការធ្វើ​មាតុភូមិនិវត្តន៍​នៃជនភៀសខ្លួន​ជ្វីបពី​បារាំងមកកាន់​អ៊ីស្រាអែល។ អ៊ីស្រាអែលបាន​ប៉ាន់ប្រមាណ​ថា ជនជាតិជ្វីប​ប្រហែល​២០០,០០០នាក់​នៅប្រទេសបារាំង អាចវិលត្រឡប់​ចូលមក​ក្នុង​​អ៊ីស្រាអែល​វិញបាន នៅអនាគត​ដ៏ខ្លីខាងមុខ។

គួរជម្រាបថា បើតាមរបាយការណ៍​​សម្រាប់ឆ្នាំ២០១៨ របស់គណៈ​កម្មការ​​អឺរ៉ុបប្រឆាំង​ការរើងអើងពូជសាសន៍ និង​ភាព​មិន​ចេះអត់ឱន (ECRI) អឺរ៉ុប​បាន​ប្រឈមមុខ​នូវកំណើនសកម្មភាព​រើសអើងជនបរទេស នៅចំពោះមុខវិបត្តិ​ជនភៀស​ខ្លួន​ក្នុងតំបន់។ បើតាម ECRI ទំនោរនេះ​អាច​​បំផ្លិចបំផ្លាញការផ្សា​ភ្ជាប់សង្គម និង​បំផុសឲ្យ​មាន​ការរើសអើង ការ​ប្រើ​សម្តី​វាយប្រហារ ឬសូម្បីតែការប្រើអំពើ​ហិង្សាទៀតផង៕