(អឺរ៉ុប)៖ តួនាទីដែល​បណ្តាញសង្គម​នានា ជាពិសេស Facebook បានចូលរួម​ចំណែកកាលពីអំឡុង​​បាតុកម្ម Arab Spring ដែល​ចាប់​ផ្តើម​នៅទុយនីស៊ី កាលពីឆ្នាំ២០១០ និង​បាតុកម្ម​នៅ​​ប្រទេស​រុស្ស៉ី​​ឆ្នាំ​​២០១១ និង​ឆ្នាំ២០១២ បាន​​ទទួល​ការ​សាទរ​យ៉ាង​​ទូលំ​ទូលាយ​​ពី​លោកខាងលិច ប៉ុន្តែ​ការ​អបអរភាព​រីក​រាយ​​​នេះ​​មិន​​ត្រូវ​បាន​គេ​ឃើញ​​​នៅ​​ក្នុង អំឡុងនៃ​ការ​ធ្វើ​​បាតុកម្ម​​អាវ​កាក់​​​ពណ៌​​លឿង ដែល​បាន​ផ្ទុះ​​ជា​អំពើ​ហិង្សា​យ៉ាង​​ក្តៅ​គគុក នៅក្នុងប្រទេស​បារាំង​ឡើយ​​។ ទោះជាបែប​នេះក្តី Facebook កំពុង​បន្តអនុវត្តន៍​នូវអ្វីដែលខ្លួនស្ទាត់​ជំនាញ​​​ដដែល គឺបើកដៃឲ្យ​មនុស្សរាល់គ្នាបញ្ចេញ​កំហឹងរបស់​ពួកគេ និងដុតកំហឹង​អ្នកតាម​ដាន​ឯទៀតៗឲ្យចូលរួម។

កាលពីឆ្នាំ២០១១ ក្រោយការកើត​​មានបាតុកម្មនៅ​ទុយនីស៊ី ​ក្រុមអ្នកវិភាគ និងសាស្រ្តាចារ្យនៅ​លោកខាងលិច បាន​ចាត់​ទុកបណ្តាញ​សង្គម Facebook ថាគឺជា​​ការបង្ហាញ​រូបរាងនៃដំណើរការ​លទ្ធិប្រជាធិបតេយ្យ និងជាអ្នកនាំ​សារ​អំពី​​​សិទ្ធិ​​សេរី​ភាព​នៃ​លទ្ធិ​​ប្រជាធិបតេយ្យ នៅទូទាំង​តំបន់​​អាហ្វ្រិកខាងជើង និង​នៅមជ្ឈិមបូព៌ា ហើយ​ Facebook ថែម​ទាំង​បាន​​ជួយ​លើក​ស្ទួយ​ក្តី​​រំពឹង​​សម្រាប់​ភាព​ជោគជ័យ​​​​នៃ​​ការបះបោរ​នយោបាយ​ផងដែរ។

នៅចុងឆ្នាំ២០១១ Facebook បានដើរតួនាទី​ស្នូលក្នុងការរៀបចំ​បាតុកម្មទ្រង់ទ្រាយធំ​នៅប្រទេស​រុស្ស៊ី នៅ​ក្រោយ​ការ​​បោះ​ឆ្នោត​សភាមួយ ដែលត្រូវបាន​អះអាងថា មានការ​ក្លែងបន្លំ។ នាពេលនោះគេបាន​សង្កេតឃើញមាន​លំនាំដូច​គ្នា​រវាង​​​បាតុកម្ម​​នៅទុយនីស៊ី និងបាតុកម្ម​នៅរុស្ស៉ី គឺបណ្តាញធ្វើ​សកម្មភាពតវ៉ា​គ្មានមេកើយ​ច្បាស់លាស់ ដែល​កើត​ចេញ​​ពី​​​បណ្តាញសង្គម​របស់​អាមេរិក។

ប្រការនេះបាននាំ​ឲ្យ​ប្រធានាធិបតី​រុស្ស៉ី​លោក វ៉្លាឌីមៀ ពូទីន សង្ស័យថា សហរដ្ឋអាមេរិក បានរៀបចំ​​សកម្មភាព​បែប​នេះ នៅតាមតំបន់ខុសៗ​គ្នាជុំវិញ​ពិភពលោក ដោយប្រើវិធីសាស្រ្ត​តែមួយ។ ប៉ុន្តែលោក ពូទីន រួមទាំងអ្នក​សង្កេតការណ៍​​ដទៃទៀត ត្រូវគេមើលឃើញថា បានគិតខុស​ដោយយល់ថា​ តួនាទី Facebook នៅក្នុង​​សកម្មភាព​បះបោរ​​ល្បី​ៗ​ទាំងនេះ មានជាប់ពាក់ព័ន្ធ​នឹង​​សិទ្ធិសេរី ឬក៏លទ្ធិ​ប្រជាធិបតេយ្យ។

ភ្លាមៗបន្ទាប់ពី​​ប្រទេសទាំងឡាយឆ្លង​កាត់បដិវត្តន៍ Arab Spring បានចាប់​ផ្តើម​បោះជំហាន​ថយក្រោយទៅ​រក​របប​ផ្តាច់​ការ ឬក៏ធ្លាក់ចូល​​ទៅក្នុងភាពវឹកវរ ក្តីព្រួយបារម្ភបាន​លេចឡើង ជុំវិញសមត្ថភាព​របស់​​បណ្តាញសង្គម​ក្នុងការជួយដល់​​​ការធ្វើអន្តរកាល​ឆ្ពោះទៅរក​លទ្ធិប្រជាធិបតេយ្យ។ យ៉ាង​ណាមិញ Facebook និង​បណ្តាញសង្គម​ឯទៀតៗ គឺមិនដែល​មានជំនាញ​ខាងបញ្ហានេះ​ឡើយ​ពោលអ្វីដែលប្រព័ន្ធ​ទាំងនេះ​បានធ្វើនោះ​ គឺត្រឹម​ជួយ​មនុស្ស​​ឲ្យ​កាន់​តែរំភើប​អំពីអ្វីៗ​​ដែល​​រំខាន​​​ពួក​គេ។ តាមរយៈ​កា​រចែកចាយសារ និងបំផុសបំផុល​មតិយោបល់ បណ្តាញសង្គម​ដូចជា Facebook បាន​​បង្ក​ជា​អំពើហិង្សា​ ​និងភាពចលាចល​នៅកន្លែង ដែល​ពី​ដំបូង​ឡើយ​មាន​​ទម្រង់​ជា​បាតុកម្ម​​ ឬ​សកម្ម​ភាព​​តវ៉ាធម្មតាៗ​​ប៉ុណ្ណោះ​។

ខណៈពេលនេះ​ភាពចលាចលនេះ កំពុងកើតឡើងម្តង​ទៀតនៅបារាំង ជាប្រទេសមួយ​ដែលមិន​អាច​ចាត់​ទុក​ថា​ ​ជា​ប្រទេស​​​ផ្តាច់​​ការ និង​ជាកន្លែងដែល​សហរដ្ឋអាមេរិកពុំមាន​ហេតុផល​ ដើម្បីបំផុសបដិវត្តន៍​​នោះឡើយ។ បាតុកម្ម​ដែល​គេ​ហៅថា «អាវកាក់​​ពណ៌លឿង» បានផ្ទុះឡើង​ដោយការសម្រេចចិត្ត​របស់រដ្ឋាភិបាល​បារាំង​ក្នុងការដំឡើង​ពន្ធ ​​៧.៦ភាគ​រយ​លើប្រេង​សាំង​ និង ៣.៩ភាគរយលើប្រេង​​ម៉ាស៊ូត​​។

បើគិតពីអត្រា​នៃការដំឡើងពន្ធ​ វាហាក់មិនជាបញ្ហា​ធំដុំខ្លាំងក្លានោះ​ឡើយ ប៉ុន្តែ​បាតុកម្មអាវ​កាក់ពណ៌លឿង​​ដែល​ផ្ទុះឡើងកាលពីខែវិច្ឆិកា​ ដោយសារការ​បង្ហោះសារបំផុសបំផុល​លើ Facebook បានកើនឡើង​ភាពតានតឹង​រហូតក្លាយជា​​​បាតុកម្មហិង្សា​ដ៏អាក្រក់ ក្នុងតំបន់​ទីប្រជុំជន​ប្រចាំប្រទេស​បារាំង ដែលមិនធ្លាប់មានក្នុងអំឡុងជាង​មួយទសវត្សរ៍​កន្លងទៅនេះ។

ដូចនឹងបាតុកម្ម​មុនៗដែរ ភាពវឹកវរទាំងនេះភាគច្រើន​គឺពុំមានមេដឹកនាំច្បាស់លាស់​ឡើយ ហើយពួកវា​ពុំ​ត្រូវការ​​រចនា​​សម្ព័ន្ធនយោបាយ ឬក៏​ប្រព័ន្ធផ្សព្វផ្សាយ ដើម្បីអភិវឌ្ឍន៍​ខ្លួននោះទេ។ យ៉ាងណាមិញ​មានវត្តមានបុគ្គល​មួយចំនួន ដែល​ក្រុមបាតុករ​គាំទ្រដើរតាម ដោយទស្សន​របស់បុគ្គលទាំងនោះ ត្រូវបានជ្រោមជ្រែង​ឥតឈប់ឈរ​​ដោយ​​គ្រុប​ហ្វេស​ប៊ុក​ Yellow Vest។ ក្នុងចំណោម​នោះ មានបុគ្គលម្នាក់​ឈ្មោះថា Maxime Nicolle ដែលតែង​ធ្វើការ Live តាម Facebook ​ចេញ​ពីកន្លែង​បាតុកម្ម។ លោក Nicolle បានក្លាយខ្លួន​ជា​អ្នកនាំពាក្យ​ម្នាក់ ក្នុងចំណោមអ្នកនាំ​ពាក្យ ០៨នាក់​របស់​ចលនាអាវ​កាក់ពណ៌​លឿង ដែលមានសិទ្ធិចរចា​ជាមួយរដ្ឋាភិបាល​បារាំង។

យ៉ាងណាមិញ​ថា តើកំហឹងដ៏ក្តៅគគុករបស់ប្រជាជន​បារាំង ដែលបង្ក​ឡើងដោយ​ការដំឡើងពន្ធ​​​ជាការពិត ឬក៏យ៉ាង​ហោចណាស់​មានជាប់ពាក់ព័ន្ធមួយចំណែកនឹង​ការបំផុសបំផុល​​ពី​ Facebook នោះ គឺពិបាកនឹង​កំណត់បានឲ្យប្រាកដ​​​នា​​ពេល​​​នេះ ដោយពុំមាន​វិធីសាស្រ្តវិទ្យាសាស្រ្ត​ច្បាស់លាស់​ណាមួយ។ ប៉ុន្តែវាគួរតែ​ដល់ពេលត្រូវ​បោះ​បង់​ចោល​នូវ​រាល់​​ការ​​​បំភាន់​ភ្នែក ដែលថា​បណ្តាញសង្គម អាចចូលរួមដើរ​តួនាទីវិជ្ជមាន​នៅក្នុងការលើកកម្ពស់​ ​លទ្ធិប្រជាធិបតេយ្យ និង​​សេរី​ភាព។

សង្គមមួយ​មានឈ្មោះថា សង្គមសេរី គឺមិនអាចហាមឃាត់​​មិនឲ្យប្រើប្រាស់ Facebook ឬក៏​ដាក់ការត្រួតពិនិត្យ​តាម​ដានទាំងស្រុង លើ​​មុខងារបញ្ឆេះភ្លើង​​កំហឹង​របស់​វា​បានឡើយ ប៉ុន្តែមនុស្ស​រាល់គ្នាគួរតែ​ដឹងពីហានិភ័យ​នៃ Facebook និង​បណ្តាញសង្គម​ដទៃទៀត​អាចបង្កឡើង ​សម្រាប់​លទ្ធិប្រជាធិបតេយ្យ៕