(ប៉ារីស)៖ បាតុកម្មតវ៉ា​របស់ក្រុមបាតុករអាវ​កាក់ពណ៌លឿង នៅក្នុងប្រទេសបារាំង កំពុងធ្វើឱ្យបណ្ដា​ប្រទេសអឺរ៉ុបមួយ​ចំនួន ព្រួយបារម្ភខា្លច​កែ្រងប្រជាជនរបស់ខ្លួន​យកគំរូតាម ខណៈមាន​ការសន្និដ្ឋានជាច្រើន​ថា បាតុកម្មដោយ​ពាក់អាវកាក់ពណ៌​លឿង នឹងរីកសាយ​ទៅកាន់ប្រទេសផ្សេង​ទៀតនៃតំបន់​អឺរ៉ុប។ នេះបើតាម​ការចេញផ្សាយដោយ​សារព័ត៌មាន​បារាំង Le Point នៅព្រឹកថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមសារព័ត៌មាន​បារាំងដដែល បាតុករមួយចំនួននៅក្នុងទីក្រុង​ព្រុចសែល ប្រទេសប៊ែលហ្សិក នាពេលថ្មីៗនេះ​ក៏ធ្លាប់បាននាំគ្នាពាក់អាវកាក់​ពណ៌លឿងផងដែរ ដែលជាសញ្ញាបង្ហាញ​ការគាំទ្រ​ ដល់ក្រុមបាតុករនៅបារាំង។ មិនតែប៉ុណ្ណោះ​កាលពីថ្ងៃអាទិត្យ នៅក្នុងប្រទេសម៉ិងតេណេក្រូ​តែម្ដង គឺក្រុមបាតុករមាន​ទំនោរទៅរករុស្ស៊ី​រាប់រយនាក់ បាននាំគ្នាពាក់​អាវកាក់ពណ៌​លឿង ដើម្បីតវ៉ាជំទាស់​នឹងពាក្យបណ្ដឹង​របស់អាជ្ញាធរ ប្រឆាំងនឹងមេដឹកនាំ​ពីររូបរបស់​ពួកគេ។

ដោយឡែក​ថ្លែងនៅក្នុងចំណោមហ្វូង​បាតុករម៉ុងតេណេក្រូ មេដឹកនាំម្នាក់នៃ​ក្រុមបាតុករ លោក អានឌ្រីចា មែនឌីក (Andrija Mandic) បានលើកឡើងយ៉ាងដូច្នេះថា «យើងចង់​ធ្វើឱ្យប្រទេសរបស់យើង​ មានភាពប្រសើរ​ឡើងដូចជា​បារាំង ជាទីដែលបាតុកម្ម​តវ៉ាបានរារាំងការ​សម្រេចចិត្ត​ផ្នែក នយោបាយក្នុង​ទម្រង់បំផ្លិច​បំផ្លាញ... ទាំងនេះហើយ​គឺជាមូលហេតុជម្រុញ​ឱ្យពួក​យើង នាំគ្នាពាក់អាវកាក់​ពណ៌​លឿង»

គួរបញ្ជាក់ថា បាតុកម្មតវ៉ារបស់​ក្រុមបាតុករអាវកាក់ពណ៌លឿង នៅក្នុងប្រទេសបារាំង អស់រយៈពេលជាង៤សប្ដាហ៍មកនេះ បានបណ្ដាលឱ្យមនុស្ស ០៤នាក់ស្លាប់ និងជាង ១,៧០០ត្រូវចាប់ខ្លួន។ ចំណែកឯ​លោកប្រធានាធិបតី​បារាំង ម៉ាក្រុង ត្រូវបាន គេរំពឹងថា នឹងថ្លែងសារទៅកាន់សាធារណៈជន​បារាំងនៅម៉ោង ២០៖០០នាទីយប់ (ម៉ោងនៅ​ក្នុងតំបន់) ថ្ងៃចន្ទនេះ ព្រមទាំងនឹង​ប្រកាសពីវិធានការទប់ទល់នឹងបាតុកម្ម ក្នុងនោះអាច​មានទាំងការប្រកាស​ ដាក់ប្រទេសទៅក្នុងគ្រាអាសន្ន​ក៏ថាបាន៕