(ប៉ារីស)៖ រដ្ឋមន្រ្តីមហាផ្ទៃបារាំងបានឲ្យដឹងថា មនុស្សសរុបរហូតដល់ប្រមាណជា១,៧២៣នាក់ ត្រូវបានចាប់ខ្លួន​នាថ្ងៃ​សៅរ៍សប្តាហ៍នេះ បន្ទាប់ពីអំពើហិង្សាបានផ្ទុះឡើងរវាង​កម្លាំងប៉ូលិសនិងក្រុមអ្នកតវ៉ា​​ពាក់អាវកាក់ពណ៌លឿង​ អំឡុង​ការ​ធ្វើបាតុកម្មទ្រង់ទ្រាយធំនៅប្រទេសបារាំង។ នេះបើតាមការដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅរសៀលថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។

រដ្ឋមន្រ្តីមហាផ្ទៃបារាំង លោក Christophe Castaner បានបញ្ជាក់ថា មនុស្សជាង១២៥,០០០នាក់ បានចូលរួមក្នុង​ការ​​ធ្វើបាតុកម្មដែលគេហៅថា «Yellow Vest (អាវកាក់ពណ៌លឿង)» នៅទូទាំងប្រទេសបារាំង ដោយក្នុងនោះ​​ប្រមាណ​ជា​១០,០០០នាក់ បានធ្វើសកម្មភាពតវ៉ានៅរដ្ឋធានីប៉ារីសនាថ្ងៃសៅរ៍​ម្សិលមិញនេះ ខណៈកាលពីបាតុកម្មផ្ទុះឡើង​ដំបូង​នាថ្ងៃទី១៧ ខែវិច្ឆិកាកន្លងទៅ មានបាតុករចូលរួមសរុប​៣០០,០០០នាក់។

បើតាមលោក Castaner ​ការធ្វើបាតុកម្មនេះ ត្រូវបាន​ក្រុមបាតុករ​ដែលគាំទ្រ​អំពើហិង្សាឆ្លៀត​ឱកាសកេងចំណេញ ទើប​បានប្រែក្លាយទៅជាផ្ទុះភាពតានតឹងបែបនេះ កាលពីថ្ងៃសៅរ៍។ លោករដ្ឋមន្រ្តីបារាំងបានប្រាប់ថា រហូតមកទល់ពេល​នេះបាតុករ​ខ្ទង់មួយពាន់នាក់ កំពុងស្ថិតក្រោមការឃាត់ខ្លួនរបស់សមត្ថកិច្ចដដែល ហើយមនុស្សប្រមាណ១៣៥នាក់​បាន​រងរបួស ក្នុងនោះមានមួយចំនួនតូចជាកម្លាំងប៉ូលិស ខណៈមានសេចក្តីរាយការណ៍ព័ត៌មានថាមនុស្សរហូតដល់ប្រមាណ៨៥០នាក់បានរងរបួស។ ដោយឡែក មនុស្ស០៤នាក់ក៏បានបាត់បង់ជីវិត ពាក់ព័ន្ធនឹងការធ្វើបាតុកម្មនេះផងដែរ

គួរជម្រាបថា បាតុកម្មខាងលើបានឈានដល់ភាពតានតឹងខ្លាំងថ្ងៃសៅរ៍សប្តាហ៍នេះ ដែលជាសប្តាហ៍ទី០៤ នៅ​ពេល​​ក្រុម​បាតុករ​​បិទ​មុខ​​បានចូលរួមក្នុងសកម្មភាពតវ៉ា ហើយបង្ករឿងតាមរយៈការរុះរើ​រនាំង​ប៉ូលិស ព្រម​ទាំង​ដុត​បំផ្លាញ​ធុង​សំរាម​ ដើមឈើ​ និង​យានជំនិះ ហើយវាយកម្ទេច​និងលួចយកទំនិញពីហាងតាមដងផ្លូវជាដើម ដែលជាហេតុបង្ខំ​ឲ្យ​ប៉ូលិស​​បាញ់​​ឧស្ម័ន​​បង្ហូរ​ទឹកភ្នែក និងប្រើប្រាស់​កាណុងបាញ់ទឹក ដើម្បីបង្រ្កាប​ក្រុមបាតុករទាំងនោះ។

ជាមួយគ្នានេះ រថពាសដែកត្រូវបានដាក់ពង្រាយជាលើកដំបូង​នៅទីក្រុងប៉ារីស គិតចាប់តាំងពីកុបកម្មឆ្នាំ២០០៥ នៅ​ចំពោះមុខការរឹតបន្តឹងវិធានការរក្សាសន្តិសុខយ៉ាងរឹងមាំ ដែលរដ្ឋាភិបាលបារាំងបានអនុវត្តន៍ ដើម្បីបញ្ចៀសភាព​វឹក​វរ​​បែបនេះទៀត ខណៈថ្ងៃបុណ្យឈប់សម្រាកគ្រីស្មាស់នៅសល់តែប៉ុន្មានសប្តាហ៍ទៀតប៉ុណ្ណោះ​។ ក្រៅពីនេះ​កម្លាំង​​សន្តិ​សុខចំនួន៨៩,០០០នាក់ ត្រូវបានដាក់ពង្រាយនៅតាមទីក្រុងនានានៃប្រទេសបារាំង ក្នុងនោះ​៨,០០០នាក់ ត្រូវដាក់​ឲ្យ​ឈរជើងនៅទីក្រុងប៉ារីស។

គួរជម្រាបថា នាសប្តាហ៍នេះ រដ្ឋាភិបាលបារាំង បានប្រកាសលុបចោល​គម្រោង​បង្កើន​ពន្ធឥន្ទនៈ​រួមមាន សាំង​និង​​ម៉ាស៊ូត​ជា​ដើម​សម្រាប់ឆ្នាំ​២០១៩​ ដើម្បីបន្សាបកំហឹង​របស់​ក្រុមបាតុករ ប៉ុន្តែចលនា​ក្រុមអ្នកតវ៉ាអាវកាក់ពណ៌លឿង​ហាក់ពុំបានបង្ហាញសញ្ញានៃភាព​ធូរ​ស្រាលនោះឡើយ ដោយពួកគេនៅតែមានបំណងចង់​ទាមទារឲ្យ​មាន​សកម្មភាព​ជាក់​ស្តែង​ជាង​នេះ ជា​ពិសេស​នោះ​ គឺប្រជាជនបារាំងចង់បានការដំឡើងប្រាក់ឈ្នួល និងបន្ថយ​ការ​អត្រា​បង់​ពន្ធ​តែ​ម្តង៕