(តូក្យូ)៖ កងស្វ័យការពារជើងទឹកនៃប្រទេសជប៉ុន (MSDF) ​ត្រូវសារព័ត៌មានក្នុងស្រុករាយការណ៍ថា នឹងចាប់ផ្តើម​​ទទួលនារីភេទឲ្យចូលបម្រើជានាវិកសម្រាប់​នាវាមុជទឹករបស់ខ្លួន ដើម្បីជាការប៉ះប៉ូវនៃបញ្ហាកង្វះខាតកម្លាំង​ពលកម្ម​។ ​នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅរសៀលថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមការរាយការណ៍របស់សារព័ត៌មានជប៉ុន NHK ក្រុមនាវាមុជទឹកគឺជាអង្គភាពតែមួយគត់​នៃកង​កម្លាំង MSDF ជប៉ុន ដែលពុំមានការចូលរួមពីនារីភេទ ខណៈពេលនេះ MSDF បានគ្រោងនឹងធ្វើយ៉ាងណាឲ្យ​មាននាវិកជាស្រ្តី​យ៉ាង​តិច​បំផុត​​ក៏​០៦នាក់​ដែរ សម្រាប់នាវាមុ​ជទឹក​មួយគ្រឿងនៅឆ្នាំ២០២៣ ដែលចំនួននេះស្មើ១០ភាគរយ​នៃសមាជិក​ទាំង​អស់​ប្រចាំ​​នាវាមុជទឹកនីមួយៗ។

គួរជម្រាបថា បច្ចុប្បន្ន កងកម្លាំង MSDF ជប៉ុន មានត្រឹមតែ៨០ភាគរយប៉ុណ្ណោះនៃ​ចំនួនកងទ័ពដែលត្រូវការចាំបាច់ ដោយសារតែបញ្ហាធ្លាក់ចុះនៃអត្រាកំណើត​ថ្មីនៅក្នុងប្រទេស​​​៕