(ហូជីមិញ)៖ ទីក្រុងហូជីមិញគ្រោងនឹងបោះទុនវិនិយោគ​ទឹកប្រាក់ចំនួន​២០.៤លានដុល្លារ ដើម្បីសាងសង់​អាងស្តុក​ទឹក​​ចំនួន០៧ សំដៅជួយដោះស្រាយបញ្ហាគ្រោះទឹកជំនន់ដែលតែងកើតមានឡើងជារៀងរាល់ឆ្នាំ​នៅវៀតណាម។ នេះ​បើ​តាម​ការ​ដក​ស្រង់ការផ្សាយចេញពី​សារព័ត៌មាន VnExpress នៅរសៀលថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។

ក្នុងចំណោមអាងស្តុកទឹកទាំង០៧ អាង​ស្តុកចំនួន០៦នឹងសាងសង់ឡើងនៅក្រោមដី ចំណែកមួយទៀត​គឺនៅលើផ្ទៃដី​ ហើយពួកវាត្រូវគេរំពឹងថានឹងអាចស្តុកបរិមាណទឹកសរុប​ប្រហែល៤០,០០០ម៉ែត្រគូប។ សម្រាប់ទីតាំងនៃការសាងសង់​ គឺនៅសង្កាត់ Go Vap, Binh Thanh, Phu Nhuan, Tan Binh, និង សង្កាត់លេខ១០។ អាជ្ញាធរទីក្រុងហូជីមិញ នឹងចាប់​ផ្តើមដំណើរការសាងសង់​​ក្រុមអាងស្តុកទឹក​ក្រោមដី ​ពីខែមករាដើមឆ្នាំក្រោយតទៅ ដោយប្រើវិធីសាស្រ្តរបស់ជប៉ុន។

គួរជម្រាបថា ប្រមាណជា៩៥ភាគរយនៃទឹកដែលស្តុកទុកក្នុងអាងទាំងនេះ អាចយកទៅប្រើប្រាស់សម្រាប់ការស្រោច​ស្រពដើមឈើក្នុងទីក្រុង និងការងារពន្លត់អគ្គីភ័យជាដើម។ ​​ការសង់អាងស្តុកទឹក​ គឺជាដំណោះស្រាយមួយ សម្រាប់​​បញ្ហាគ្រោះទឹកជំនន់ ដែលទីក្រុងហូជីមិញ បានគ្រោង​រៀបចំសម្រាប់ចន្លោះឆ្នាំ២០១៦ដល់ឆ្នាំ២០២០ ខណៈ​ដែល​​ក្នុង​រយៈពេលជិតពីរទសវត្សរ៍​​ទីក្រុងដ៏ធំបំផុតនេះរបស់វៀតណាម តែងទទួលរងការបំផ្លិចបំផ្លាញពីទឹកជំនន់ ដោយពុំមាន​ដំណោះស្រាយគ្រប់ជ្រុងជ្រោយណាមួយឡើយ៕