(បាងកក)៖ នាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា បានរងការរិះគន់យ៉ាងចាស់ដៃពីមហាជន បន្ទាប់ពីរូបលោក​បានស្នើចង់ឲ្យមានការលុបឈ្មោះនិងស្លាកសញ្ញាគណបក្ស​​នយោបាយចេញពីសន្លឹកឆ្នោត ដោយ​ក្រុម​អ្នក​រិះ​គន់​បាន​លើក​ឡើង​​ថា​ទង្វើនេះនឹងធ្វើឲ្យផ្ទុះការភ័ន្តច្រឡំហើយបម្រើផលប្រយោជន៍​ដល់គណបក្ស​តែមួយគត់ ដែលទើប​បង្កើត​ឡើងដោយ​ក្រុមមន្រ្តីជាន់ខ្ពស់​នៃរដ្ឋាភិបាលយោធាថៃបច្ចុប្បន្ន។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌​មានថៃ បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។

គំនិតខាងលើនេះត្រូវបានលោក ប្រាយុទ្ធ ស្នើឡើងនៅអំឡុងកិច្ចពិភាក្សា​នាថ្ងៃសុក្រ ពី​​​ការរៀបចំ​ដំណើរការបោះឆ្នោត ​រវាង​ក្រុមប្រឹក្សាជាតិដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) និង​ក្រុមអ្នកតំណាង​នៃគណបក្សនយោបាយនៅក្នុង​ប្រទេសថៃ។ លោកនាយករដ្ឋមន្រ្តីថៃ បានលើកឡើងថា សន្លឹកឆ្នោត​គួរផ្ទុក​តែ​ឈ្មោះនិងលេខ​រៀង​នៃ​បេក្ខភាពឈរ​​ឈ្មោះ​បោះឆ្នោតបានហើយ មិនចាំបាច់មានស្លាកសញ្ញានិងឈ្មោះរបស់គណបក្សពួកគេនោះទេ។

ជុំវិញសំណើនេះក្រុមអ្នករិះគន់​បានប្រតិកម្មភ្លាមៗថា អវត្តមាននៃ​ឈ្មោះនិងស្លាកសញ្ញារបស់គណបក្សនយោបាយ​នៅ​លើសន្លឹកឆ្នោត នឹង​ធ្វើឲ្យ​អ្នកបោះឆ្នោតមានការភ័ន្តច្រឡំទៅវិញទេ ព្រោះថាប្រសិនបើ​សន្លឹកឆ្នោតមានតែឈ្មោះបេក្ខ​ភាព​​តំណាងរាស្រ្ត អ្នកបោះឆ្នោតភាគច្រើនច្បាស់​ជា​ជ្រើសរើស​យក​​បុគ្គលដែលពួកគេស្គាល់ ដោយមិនខ្វល់ពីបក្ស​នយោបាយ​របស់បេក្ខភាពទាំងនោះឡើយ។

បើតាមក្រុមអ្នករិះគន់ ប្រការនេះនឹងផ្តល់ប្រយោជន៍​ដល់​គណបក្សនយោបាយ​តែមួយគត់​ ដែលថ្មីៗនេះ ​បានទាក់ទាញ​អ្នក​នយោបាយពី​គណបក្សដទៃទៀតឲ្យទៅចូលរួមជាមួយខ្លួន។ បក្សនយោបាយនោះគឺគណបក្ស Palang Pracharath Party (PPRP) ដែលទើបបង្កើតឡើងដោយក្រុមមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលថៃ។ PPRP បានប្រកាសរួចទៅហើយ​ថា​​​នឹង​ជ្រើសរើស​លោក ប្រាយុទ្ធ ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ការបោះឆ្នោតនាឆ្នាំក្រោយនេះ ប្រសិនបើលោកយល់​ព្រម។

គួរជម្រាបថា ការបោះឆ្នោតសកលនៅប្រទេសថៃ ដែលត្រូវបានអូសបន្លាយជាច្រើនលើកច្រើនសា ចាប់តាំងតែ​ពី​​យោធាថៃបានធ្វើរដ្ឋប្រហារទម្លាក់រដ្ឋាភិបាល​លោកស្រី យីងឡាក់ កាលពីឆ្នាំ២០១៤នោះ ត្រូវបានគ្រោងនឹងប្រព្រឹត្ត​​ទៅនាថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ ហើយយុទ្ធនាការបោះឆ្នោត​នឹងត្រូវអនុញ្ញាតឲ្យចាប់ផ្តើម​ឡើងក្រោយថ្ងៃឆ្លងឆ្នាំ​សកល៕