(អង់ការ៉ា)៖ ប្រធានាធិបតីតួកគី លោក អឺដូហ្គាន់ បានលើកឡើងថា មហាបាតុកម្មនៃក្រុមអ្នកពាក់អាវកាក់ពណ៌លឿង​​ ដែលកំពុងផ្ទុះឡើងយ៉ាងខ្លាំងក្លានៅក្នុងប្រទេសបារាំង បានចង្អុលបង្ហាញឲ្យឃើញ​​យ៉ាងជាក់ច្បាស់ពី​ភាពបរាជ័យ​​នៃ​លទ្ធិប្រជាធិប​តេយ្យ សិទ្ធិមនុស្ស និងសេរីភាព​​​នៅអឺរ៉ុប ខណៈសន្តិសុខនៃតំបន់នេះ ត្រូវបានគំរាមកំហែង​ដោយសារ​តែជាតិសាសន៍ខ្លួនឯងផ្ទាល់។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។

លោក អឺដូហ្គាន់ បានធ្វើការកត់សម្គាល់ទៀតថា ជាទូទៅប៉ូលិសតួកគី​តែងរងការចោទប្រកាន់​អំពី​ការប្រើប្រាស់​​​អំពើ​ហិង្សា ប៉ុន្តែ​បើក្រឡេកទៅមើលស្ថានការណ៍​​បច្ចុប្បន្ននៅបារាំងវិញ តើ​កម្លាំងប៉ូលិសបាំរាំង​បាន​បង្រ្កាបក្រុម​បាតុករ​ដោយ​​​របៀប​​ណា​ខ្លះ​ទៅទីនោះ។

លើសពីនេះបើតាមលោកប្រធានាធិបតីតួកគី ​ជញ្ជាំងសន្តិសុខនិងសុខុមាលភាព ​ដែល​លោក​ខាង​លិច​ខិត​ខំ​ការពារ​ថែ​រក្សា​ជាទី​បំផុតនោះ កំពុងតែរង្គោះរង្គើ ដោយសារតែ​ជាតិសាសន៍ខ្លួនឯង​ផ្ទាល់​ គឺពុំមែនព្រោះតែជនភៀសខ្លួនឬក៏​អ្នក​មូស្លីម​ឡើយ​។ លោក អឺដូហ្គាន់ បាននិយាយថា ទីក្រុងអង់ការ៉ា ​ពុំគាំទ្រ​ការ​រីកសាយ​ភាពចលាចល​ដែលបង្ក​ឡើង​ដោយ​ក្រុមបាតុករនោះទេ ប៉ុន្តែទន្ទឹមគ្នានេះ​ខ្លួន​ប្រឆាំងដាច់ខាតចំពោះ​ ការប្រើប្រាស់អំពើហិង្សាអាក្រក់ៗ​ដើម្បី​បង្រ្កាប​ក្រុមអ្នកតវ៉ាទាំងនោះ។​​

គួរជម្រាបថា បាតុកម្ម​ប្រឆាំងសាំងឡើងថ្លៃនៅឯប្រទេសបារាំង បានអូសបន្លាយដល់សប្តាហ៍ទីបួនហើយ គិត​ចាប់​តាំង​ពី​​ខែ​វិច្ឆិកាមក ខណៈ​​មនុស្សសរុបជិត​១,៤០០នាក់ត្រូវបានចាប់ខ្លួន ហើយប៉ូលិសបារាំងឈានដល់ការប្រើឧស្ម័ន​បង្ហូរ​ទឹកភ្នែកដើម្បីបង្រ្កាបក្រុមបាតុករ៕