(វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដោយផ្ទាល់ថា នាយខុទ្ទកាល័យសេតវិមាន​ លោក ចន ឃែលី (John) Kelly នឹងលាលែងពីមុខតំណែងនាដំណាច់ឆ្នាំនេះ។ នេះបើតាមការដកស្រង់ការផ្សាយចេញ​ពីសារព័ត៌មានរុស្ស៉ី Sputnik នៅព្រឹកថ្ងៃអាទិត្យ ទី០៩ ខែធ្នូ ឆ្នាំ២០១៨។

សេចក្តីប្រកាសនេះត្រូវបានធ្វើឡើង ក្រោយមានការសន្និដ្ឋានឥតឈប់ឥតឈរពីសំណាក់​ប្រព័ន្ធផ្សព្វផ្សាយអាមេរិក ដែលបានចុះផ្សាយថា​លោក ត្រាំ កំពុងពិចារណាដោះដូរ​មន្ត្រីជាន់ខ្ពស់​មួយចំនួន ដោយក្នុង​នោះ​រួម​មាន​ទាំង​តំណែង​នាយ​ខុទ្ទកាល័យ​សេតវិមានផងដែរ ខណៈ​រដ្ឋបាល​អាមេរិកបាននិងកំពុង​ត្រៀម​លក្ខណៈ​សម្រាប់​រយៈ​ពេល​០២ឆ្នាំ​ចុង​ក្រោយនៃ​អាណត្តិកាន់អំណាចដំបូង​របស់លោក ត្រាំ។​

គួរជម្រាបថា បើតាមសេចក្តីរាយការណ៍របស់ស្ថានីយទូរទស្សន៍ CNN ថ្មីៗនេះ ​ភាពតានតឹងរវាងលោក Kelly និង​លោក ត្រាំ គឺបានឈានដល់ដំណាក់កាលមិននិយាយស្តីរកគ្នារាប់ថ្ងៃហើយ។ ចំណែក បុគ្គលនាំមុខគេ​ដែល​អាចត្រូវ​មក​ជំនួស​តំណែង​របស់លោក Kelly គឺ​នាយឧុទ្ទកាល័យរបស់អនុប្រធានាធិបតីអាមេរិក លោក Nick Ayers៕