(វ៉ាស៊ីនតោន)៖ មន្រ្តីជាន់ខ្ពស់នៃក្រសួងការពារជាតិអាមេរិក (Pentagon) លោក Joseph Dunford បានរិះគន់ធ្ងន់ៗលើ​​និន្នាការរបស់ក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិក Google ដែលសុខចិត្តទៅចាប់ដៃសហការជាមួយ​ចិន ខណៈ​ស្រប​ពេល​ជាមួយ​គ្នា​ក្រុម​ហ៊ុន​នេះ មានភាពស្ទាក់ស្ទើរខ្លាំងក្នុងការធ្វើការងារជាមួយ​​​​ក្រសួងការពារជាតិអាមេរិក​ទៅវិញ។ នេះបើ​តាម​ការដកស្រង់ការផ្សាយចេញពីសារព័ត៌មានរុស្ស៉ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។

លោក Dunford បានលើកឡើងថា រូបលោកមិនយល់ទាល់តែសោះថា ហេតុអ្វី Google សុខចិត្តបង្កើត​ការសម្រុះ​សម្រួល​ផ្សេងៗ ដើម្បីតែ​ពង្រីកផលប្រយោជន៍​ពាណិជ្ជកម្ម​​នៅក្នុងប្រទេសចិន ទោះដឹងថានៅទីនោះ​ ​សេរី​ភាពត្រូវ​បាន​រឹតត្បិត ហើយចិនតែងលួចយកកម្មសិទ្ធិបញ្ញា​ពី​ក្រុមហ៊ុននានា​។​

គួរជម្រាបថា កាលពីខែមិថុនាកន្លងទៅ Google បានដកខ្លួនចេញពីកម្មវិធី​​បច្ចេកវិទ្យាឈ្មោះថា Project Maven ដែល​ឧបត្ថម្ភ​ដោយ​ក្រសួងការពារជាតិ​​អាមេរិក។ គម្រោង​នេះទាក់ទិននឹងការប្រើប្រាស់ប្រព័ន្ធឆ្លាតវៃ (Artificial Intelligence ឬ AI) ក្នុងការវិភាគទៅលើរូបភាពដែលថតបានដោយយន្តដ្រូនស៊ើបការណ៍។

កាលពីខែតុលា Google ក៏​បាន​សម្រេច​ដើរ​ចេញ​ពីការប្រកួតប្រជែងយក​កិច្ចសន្យាអភិវឌ្ឍន៍​បច្ចេកវិទ្យា Cloud ឈ្មោះ​ថា JEDI របស់ Pentagon ​ដែលមានតម្លៃដល់ទៅ១០ពាន់លានដុល្លារផងដែរ ខណៈទន្ទឹមនឹងនេះ Google បានទៅ​សហការ​អភិវឌ្ឍ​កម្មវិធីស្វែងរកព័ត៌មានជាមួយ​អាជ្ញាធរចិនទៅវិញ៕