(វ៉ាស៊ីនតោន)៖ យោធាជើងទឹកអាមេរិក​​បានឲ្យដឹងថា ក្រុមនាវាដែលដឹកនាំដោយនាវាផ្ទុកយន្តហោះចម្បាំង USS John C. Stennis ទីបំផុតត្រូវបានបញ្ជូនទៅដល់តំបន់មជ្ឈិមបូព៌ាហើយ។ នេះបើតាមការដកស្រង់ការផ្សាយចេញពីសារព័ត៌​មានរុស្ស៉ី Sputnik នៅយប់ថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។

ក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS John C. Stennis នឹងត្រូវឈរជើង​នៅមជ្ឈិមបូព៌ាសម្រាប់រយៈពេល​យ៉ាងហោច​០២ខែ ខណៈ​អំឡុងពេល​​០៨ខែចុងក្រោយនេះ ពុំមាន​នាវាផ្ទុកយន្តហោះចម្បាំងអាមេរិក​ណា​មួយ​រក្សា​វត្ត​មាន​ក្នុង​តំបន់​នេះ​ឡើយ​។

គួរជម្រាបថា បើតាមប្រព័ន្ធផ្សព្វផ្សាយអាមេរិក ការចល័ត​ក្រុមនាវាខាងលើទៅកាន់តំបន់មជ្ឈិមបូព៌ា គឺដើម្បីជួយ​ក្នុង​សមរភូមិ​ប្រឆាំង​ក្រុមភេរវករ ISIS នៅអីរ៉ាក់និងស៊ីរីក៏ដូចជាក្នុងសង្រ្គាម​នៅអាហ្វហ្គានីស្ថាន។ មន្រ្តី​ការពារ​ជាតិ​​​អាមេរិកមួយរូបបានទទួលស្គាល់ថា ​​វត្តមានរបស់ក្រុមនាវាផ្ទុកយន្តហោះចម្បាំង USS John C. Stennis នៅ​មជ្ឈិមបូព៌ា គឺជាការបង្ហាញសាច់ដុំមួយចំពោះប្រទេសអ៊ីរ៉ង់ផងដែរ៕