(ប៉ារីស)៖ ក្រុមបាតុករអាវកាក់ពណ៌លឿងបាននាំគ្នាចុះផ្លូវធ្វើបាតុកម្មតវ៉ាឈានដល់សប្តាហ៍ទី៤ហើយ នៅថ្ងៃសៅរ៍នេះ ដើម្បីប្រឆាំងនឹងជំទាស់នឹងកំណែទម្រង់របស់រដ្ឋាភិបាល ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ខណៈមន្ត្រីបារាំង ខ្លះប្រកាន់ត្រង់ៗថាក្រុមជ្រុលនិយមនៅក្នុងប្រទេសបារាំង ចង់ប្រើប្រាស់ក្រុមបាតុករអាវកាក់ពណ៌លឿងដើម្បីផ្ដួលរំលំ
រដ្ឋាភិបាលស្របច្បាប់ទីក្រុងប៉ារីស។

ក្រសួងមហាផ្ទៃបារាំង បានបញ្ជាក់ឲ្យដឹងថា មានមនុស្សសរុបរហូតដល់ចំនួន៧០០នាក់ត្រូវបានចាប់ខ្លួនទូទាំងប្រទេស ក្នុង៥៧៥នាក់នៅទីក្រុងប៉ារីស ពាក់ព័ន្ធការបាតុកម្មប្រឆាំងជំទាស់នឹង ការកំណែទម្រង់របស់រដ្ឋាភិបាលបារាំង លើតម្លៃពន្ធប្រេងសាំង។ ប៉ូលិសបារាំងបានប្រើប្រាស់ឧស្ម័នបង្ហូរទឹកភ្នែក ដើម្បីបង្រ្កាបហ្វូងបាតុករ និងចាប់មនុស្សរាប់រយនាក់ ខណៈអ្នក​រង​គ្រោះមាន​០៤នាក់​ស្លាប់ ៨៥០​នាក់​រង​របួស។

បាតុកម្មតវ៉ាប្រឆាំងនឹងឥន្ធនៈឡើងថ្លៃ ក្នុងនោះរួមមានទាំងប្រេង និងម៉ាស៊ូត បាន​​កើតឡើងតាំងតែថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា​មកម្លេះ ហើយវាបានអូសបន្លាយរហូតមកដល់ថ្ងៃសៅរ៍នេះ៕