(ឡូសអាន់ជែឡេស)៖ បន្ទាប់ពីការចុះចត​ដោយជោគជ័យ នៅលើផ្ទៃភព​ព្រះអង្គារក្នុងនាម​ជាយានទី ៧ របស់​អង្គការ NASA ដែលបំពេញ​បេសកកម្ម​នៅទីនោះ InSight បាន​និងកំពុង​បំពេញ​ប្រតិបត្តិការ​របស់ខ្លួន ហើយថ្មីៗនេះ​​សំឡេងខ្យល់បក់​​លើភពអង្គារ ក៏ត្រូវបានយាននេះ​​ថតបាន និងបញ្ជូនមក​ភពផែនដី​ផងដែរ។ នេះបើតាម​ការ​ចេញផ្សាយ​ដោយ​វែបសាយ Space នារសៀល​ថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។

សំឡេងខ្យល់បក់នេះ​ត្រូវបានថតដោយ​យាន InSight កាលពីថ្ងៃទី០១ ខែធ្នូ កន្លងទៅថ្មីៗ​នេះ និងត្រូវបានបញ្ជូន​មកភពផែនដីវិញ។ វាមានស្ថានភាព​ខ្យល់បោកបក់តិចៗ​​នៅក្នុង​ល្បឿនពី ៥ ទៅ ៧ម៉ែត្រក្នុង​មួយវិនាទី ដែលបក់​ពីទិសពាយ័ព្យ ទៅកាន់ទីអាគ្នេយ៍​​នៃទីតាំង​ដែលយាន InSight បានចុះចតលើ​ផ្ទៃភពអង្គារ។ ការកំណត់​បាន​សំឡេង ល្បឿន និងទិស​របស់ខ្យល់លើភព​អង្គារ ពិតជាសំខាន់​ណាស់សម្រាប់​ការស្រាវជ្រាវ​ទីនោះ។

ជុំវិញលទ្ធផល​​ខាងលើនេះ លោក Bruce Banerdt អ្នកអង្កេត​យាន InSight ប្រចាំ​មន្ទីរ​ពិសោធន៍ JPL ក្នុងតំបន់ Pasadena នៃរដ្ឋកាលីហ្វរញ៉ា​បានបញ្ជាក់​យ៉ាងដូច្នេះថា «ការថតសំឡេង​លើភពអង្គារនេះ គឺជារឿងដែល​មិនបានព្រាងទុក​នោះឡើយ...។ ប៉ុន្តែផែនការ​មួយក្នុង​ចំណោមផែនការ​ឯទៀតៗ នោះគឺការគណនា​​អំពីចលនានៅលើ​ភពព្រះអង្គារ ដោយក្នុងនោះ​ក៏រួមមានទាំងចលនា​ខ្យល់បក់ផងដែរ...»

បើតាម​អង្គការ NASA ប្រព័ន្ធសិនស័រដ៏មានឥទ្ធិពល​បំផុតចំនួនពីរគ្រឿង ត្រូវបានបំពាក់​នៅលើយាន InSight ដើម្បីចាប់យក​ឥទ្ធិពលនៃរលកខ្យល់បក់ និងឧបករណ៍ដែល​ភ្ជាប់​ជាមួយដៃរ៉ូបូតរបស់យាននេះផ្ទាល់។ ឧបករណ៍​សេនស័រ​ទាំងពីរនេះ គឺធ្វើការ​ថតយក​សំឡេង​ និងកម្លាំងខ្យល់បក់​ក្នុងមធ្យោបាយ​ផ្សេងទៀត ដោយ​ទីមួយគឺ Pressure Sensor មានតួនាទីប្រមូល​ទិន្នន័យ​ឧតុនិយម ដោយកត់ត្រារំញ័រខ្យល់​​ដោយផ្ទាល់ និងទីពីរគឺ Seismometer Sensor ជាអ្នក​កំណត់រំញ័រពីខ្យល់បក់ មកលើបន្ទះស្រូប​ពន្លឺព្រះអាទិត្យ​ជាប់ខ្លួន​យាន InSight ដែលមានប្រវែង​មួយខាងៗ​ជាងពីរម៉ែត្រ។

គួរបញ្ជាក់ថា យាន InSight ក្រោយ​​ធ្វើការ​ហោះហើរ​អស់ជិត ៧ខែ បាន​ទៅដល់ និងចុះចត​ជោគជ័យលើភព​អង្គារ កាលពីព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ (ពេលវេលានៅកម្ពុជា) នៅលើតំបន់​មានឈ្មោះថា Elysium Planitia ដែលជា​តំបន់ជ្រលងមួយនៅលើភព​ព្រះអង្គារ ដើម្បីបំពេញបេសកកម្ម​រយៈពេល ០២ឆ្នាំ​ តាមការគ្រោងទុក។ វា​មាន​​តួនាទី​សំខាន់​ក្នុង​ការសិក្សាផ្ទៃក្នុងយ៉ាងជ្រៅ​នៃភពអង្គារ ជាជាង​បរិស្ថានខាង​ក្រៅៗ ដែលត្រូវ​បានយាន និងផ្កាយរណប NASA ជាច្រើន​ធ្វើការស្រាវជ្រាវរួច​អស់ទៅ​ហើយ៕

ខាងក្រោមនេះ​ជាវីដេអូសំឡេងខ្យល់ថតដោយយាន InSight លើ​ភពអង្គារ៖