(ប៉ារីស)៖ គិត​ចាប់​ពី​ពាក់​កណ្តាល​ខែ​វិច្ឆិកា​មក ព្រឹត្តិការណ៍​ដ៏​ក្តៅ​គគុក​បាន​​ផ្ទុះ​ឡើង​ក្នុង​ប្រទេស បារាំង ​ផ្តើម​ចេញ​ពី​ការ​ដំឡើង​ពន្ធ​ប្រេង​ ដែល​ធ្វើ​ឱ្យ​តម្លៃ​ប្រេង​ហក់​ឡើង​ខ្ពស់។ ​

ខាង​ក្រោម​នេះ​ជា​ព័ត៌មាន​លម្អិត​ជុំវិញ​ការ​ធ្វើ​បាតុកម្ម ​​នៅ​ក្នុង​ប្រទេស​នៅ​​អឺរ៉ុប​ខាង​លិច​មួយ​នេះ៖

* បាតុកម្ម​ផ្តើម​កើតឡើង៖ ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨
* មូលហេតុ​ផ្តើម​ចេញ​ពី​៖ ការ​ដំឡើង​ពន្ធ​ប្រេង ​ពន្ធ​រថយន្ត និង​ការ​ចាត់​វិធានការណ៍​រឹតត្បិតមិន​សមស្រប​របស់​ប្រធានាធិបតី​បារាំង
* ការ​ទាម​ទារ​របស់​បាតុករ៖ កាត់​បន្ថយ​ពន្ធ​ប្រេងសាំង និង​ពន្ធ​រថយន្ត បង្កើន​ស្តង់ដានៃការរស់នៅ​របស់​ប្រជាពលរដ្ឋ ទម្លាក់​ប្រធានាធិបតី Emmanuel Macron និង​រដ្ឋាភិបាលរបស់លោក​ពីដំណែង បញ្ឈប់​វិធានការណ៍​គ្មាន​ប្រជាប្រិយភាព​របស់លោក ហើយ​រដ្ឋាភិបាល​ត្រូវ​មាន​តម្លាភាព គណនេយ្យភាព​ចំពោះ​ប្រជាជន​គ្រប់​ស្រទាប់

* គោល​បំណង​នៃ​ការ​ដំឡើង​ពន្ធ​សាំង៖ ដើម្បី​កាត់​បន្ថយ​ការ​ប្រើប្រាស់​​ប្រេង​សាំង ទប់​ស្កាត់​ការ​កើន​ឡើង​កម្តៅ​សាកល ជំរុញ​កំណើន​សេដ្ឋកិច្ច។​​
* ​មធ្យោបាយ​ធ្វើ​បាតុកម្ម៖ មិន​គោរព​ច្បាប់ បិទផ្លូវ បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ ដុតអគារ ដុត​រថយន្ត និង​លួច​ប្លន់​ទ្រព្យសម្បត្តិ។
* ការ​ផ្តល់​សម្បទាន​ពី​រដ្ឋាភិបាល៖ លុប​ចោល​ការ​ដំឡើង​ពន្ធ និង​ផ្អាក​ការ​ដំឡើង​តម្លៃ ប្រេងម៉ាស៊ូត និងប្រេងសាំង​ក្នុង​រយៈ​ពេល​៦​ខែ
* ចំនួន​អ្នក​ចួល​រួម​បាតុកម្ម៖ ជិត៣០ម៉ឺននាក់
* អ្នក​រង​គ្រោះ៖ ​០៤នាក់​ស្លាប់ ៨៥០​នាក់​រង​របួស ដោយ​ក្នុង​នោះ៧៥០នាក់ជនស៊ីវិល ១០០​មន្ត្រី​ប៉ូលីស ចាប់ខ្លួន៧០០នាក់នៅទូទាំងប្រទេស។ 

* និមិត្ត​រូប​នៃ​បាតុកម្ម៖ អាវ​កាក់​ពណ៌​លឿង

មូលហេតុ​ដែល​បាតុករ​​យក​អាវ​កាក់​ពណ៌​លឿង​​​ធ្វើ​ជានិមិត្តសញ្ញា ពីព្រោះ​ច្បាប់​ចាប់​តាំង​ពី​ឆ្នាំ២០០៨​មក តម្រូវ​ឱ្យ​​អ្នក​បើកបរ​រថយន្ត​ទាំងអស់​នៅ​ប្រទេស​បារាំង ត្រូវ​មាន​អាវ​កាក់​ដែល​មាន​ពណ៌​លេច​ធ្លោ ក្នុង​រថយន្ត​របស់​​ពួកគេ​ជា​សម្គាល់។ ជាលទ្ធផលអាវ​អាវ​កាក់​ពណ៌​ឆ្លុះ​នេះ បាន​ក្លាយ​ជា​​និមិត្ត​សញ្ញា​មួយ​ដ៏​ពេញ​និយម​របស់​បាតុករ​ ដោយសារ​មាន​តម្លៃ​ថោក ងាយ​រក​ទិញ​បាន​គ្រប់​កន្លែង ងាយ​សម្គាល់។

ហេតុ​នេះ​ទើប​ចលនា​​ប្រឆាំង​ការ​ដំឡើង​ថ្លៃ​ពន្ធ​ប្រេង​នៅ​ប្រទេសបារាំង ​ត្រូវ​បាន​គេឱ្យ​ឈ្មោះ​ថា ​«ចលនា​អាវ​កាក់​ពណ៌លឿង​»​ ផ្ដើម​ឡើង​នា​ថ្ងៃសៅរ៍ ទី១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៨ ហើយ​បន្ទាប់​មក​បាន​រីករាល​ដាលទៅប្រទេស​ជិត​ខាង​មាន ប្រទេស​អ៉ីតាលី ប៊ែលហ្សិក និងហូឡង់។

ហេតុការណ៍​នេះ​កើតឡើង​ដោយ​ការ​ដំឡើង​តម្លៃ​ឥន្ធនៈ ការ​រស់​នៅ​ត្រូវ​ចំណាយ​ខ្ពស់​ជាង​មុន។ បាតុករ​បាន​លើកឡើងថា បន្ទុកនៃកំណែទម្រង់ពន្ធរបស់រដ្ឋាភិបាល បានធ្លាក់​ទៅលើ​​ស្មា​ប្រជាពលរដ្ឋ​ជា​ពលករ និង​ថ្នាក់​កណ្តាល (ជាពិសេស​អ្នក​រស់​នៅតំបន់ជនបទ និងតំបន់ជាយ​ក្រុង) ។ ចលនានេះ​កើត​មាន​ឡើង​គួរ​ឱ្យ​កត់​សម្គាល់​​នៅ​តាម​ទីក្រុង ប៉ុន្តែ​មិនសូវ​មាន​សកម្មភាព​នៅ​តាម​ទី​ជន​បទ​ឡើយ។

* ប្រេងម៉ាស៊ូត

ចាប់​តាំង​ពីទសវត្សរ៍​ឆ្នាំ១៩៥០​មក រដ្ឋាភិបាល​បារាំង​បាន​លើក​ទឹក​ចិត្ត​ជា​ខ្លាំង​​ដល់​ការ​ផលិត​ម៉ាស៊ីន​ដោយ​ប្រើប្រាស់​ប្រេង​ម៉ាស៊ូត។ ជាពិសេសចាប់តាំងពីឆ្នាំ១៩៨០មក ​រោង​ចក្រ​ Peugeot បាន​នាំ​មុខ​គេ​ក្នុង​បច្ចេកវិទ្យា​ផលិត​ម៉ាស៊ីន​ដោយ​ប្រើប្រាស់​ប្រេង​ម៉ាស៊ូត។ ការ​លើក​ទឹកចិត្ត​ បូក​រួម​នឹង​ការកាត់​បន្ថយពន្ធ​​ចំពោះ​ក្រុមហ៊ុន​​ផលិត​រថយន្ត​​ប្រើប្រាស់​ប្រេង​ម៉ាស៊ូត ​ជា​កត្តា​ជំរុញ​ការ​ផលិត​រថយន្ត​ម៉ាស៊ូត​ នៅក្នុងប្រទេសបារាំង​មាន​ការ​កើនឡើង​។

ជា​អកុសល​តម្លៃប្រេងម៉ាស៊ូតនៅក្នុងប្រទេសបារាំង បានកើនឡើង១៦% ក្នុងឆ្នាំ២០១៨ ដោយ​ពន្ធលើប្រេងសាំង និងប្រេងម៉ាស៊ូត កើនឡើងក្នុងពេលតែមួយ បូក​រួម​នឹង​ការកើនឡើងពន្ធបន្ថែមសម្រាប់ឆ្នាំ​២០១៩ ធ្វើឱ្យ​ប្រេងម៉ាស៊ូតមានតម្លៃថ្លៃដូចជាសាំង​ដែរ។

* កំណែទម្រង់សេដ្ឋកិច្ច

លោក Macron បាន​អះអាងថា គោលបំណងនៃកម្មវិធីកំណែទម្រង់សេដ្ឋកិច្ច គឺដើម្បីបង្កើនការប្រកួតប្រជែង របស់បារាំងនៅក្នុងសេដ្ឋកិច្ចសកល ​ដោយឡែក​ការ​បង្កើន​ពន្ធ​ប្រេង​វិញ ​ក្នុង​បំណង​ចង់​បញ្ឈប់​កំណើន​កម្តៅ​សាកល។ ទោះ​បី​ជា​មាន​ការ​អះអាង​ការ​ពារ​ទៅលើ​កំណែ​ទម្រង់​ថ្មី​​របស់​លោក​ក្តី ប៉ុន្តែ​ការ​ស្ទង់​មតិ​តាម​ប្រព័ន្ធ​អ៊ីនធឺណេត​ធ្វើឡើង​នៅ​ថ្ងៃទី២៧​ ដល់​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ បានបង្ហាញថា ប្រហែល​​ប្រជាជន៧៨% បាននិយាយថា ការ​លើកឡើង​របស់​លោក Macron ជា​រឿង​មិន​គួរ​ឱ្យ​ជឿ ហើយ​៨៤​% នៃ​ប្រជាជន​ពេញវ័យ​បារាំងបានគាំទ្រចលនាអាវលឿង។

* ការ​បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ

នៅថ្ងៃទី២៦ ខែវិច្ឆិកា​ ឆ្នាំ​២០១៨ មន្ត្រីម្នាក់បានប៉ាន់ប្រមាណថា បាតុកម្ម​នៅទីក្រុងប៉ារីសក្នុងអំឡុងពេលពីរ​ថ្ងៃ​បានបង្កការខូចខាតរហូតដល់១,៥លានអឺរ៉ូ។ រដ្ឋាភិបាលត្រូវ​ជួល​កម្មករពីររយនាក់បន្ថែម ដើម្បី​សម្អាត និងជួសជុល​ការ​ខូច​ខាត​​បន្ទាប់​ពីការ​ធ្វើ​​បាតុកម្ម​នេះ​។ រថយន្តរាប់រយគ្រឿង ត្រូវដុត​បំផ្លាញ​ក្នុង​ប៉ារីសក្នុងអំឡុងបាតុកម្មនៅថ្ងៃទី១ ខែធ្នូ ជាមួយ​គ្នា​នេះ វិមាន​អាល់ដឺត្រូហ្វីម (Arc de Triomphe) ក៏​ត្រូវបានបំផ្លិចបំផ្លាញ។ ​គិត​ដល់ថ្ងៃ​​ទី​០១ ខែ​ធ្នូ កន្លង​ទៅនេះ​អភិបាលក្រុងប៉ារីស បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា បាតុកម្ម​បាន​បង្ក​ការ​ខូចខាតទ្រព្យសម្បត្តិក្នុងតម្លៃ​ចន្លោះ​ពី​ ៣​ ទៅ​ ៤​លាន​អឺរ៉ូ (ខ្ទង់៦លានដុល្លារអាមេរិក)។

* បាតុកម្ម​នៅ​ប្រទេស​ក្បែរ​ខាង​ប្រទេសបារាំង

យោងតាមលោកស្រី Kim Willsher អ្នក​កាសែត The Guardian បានឱ្យដឹងថា បាតុកម្ម​​អាវ​កាក់​នៅ​ប្រទេស​បារាំង បាន​ជម្រុញ​ឱ្យ​មាន​បាតុកម្ម​ស្រដៀង​គ្នា​នេះ ផ្ទុះ​ឡើង​ក្នុង​ប្រទេសអ៊ីតាលី និង​ប្រទេស​ជាតិ​ខាង​ផ្សេង​ទៀត​​ដូច​ជា​ប្រទេស ហូឡង់ និង​ប៊ែក​ហ្ស៊ីក​ជា​ដើម។ លោកស្រី​បាន​ដកស្រង់សម្តីជនជាតិ​អ៉ីតាលីម្នាក់ដែល​បាន​លើកឡើង​ថា «យើងត្រូវបាន​ចលនា​អាវ​កាក់​ពណ៌​លឿង បាន​​បំផុសគំនិត​ឱ្យ​ធ្វើ​ចលនា​នេះ​ឡើង ដោយ​​យើង​​ងើប​ប្រឆាំង​សារ​វិបត្តិ​ផ្សេងទៀត​ ខុស​ពី​ប្រទេស​បាតុកម្ម​ក្នុង​ប្រទេស​បារាំង​ដែល​ប្រឆំាង​រដ្ឋាភិបាល។ យើងមិនប្រឆាំងនឹងរដ្ឋាភិបាលបារាំងទេ តែ​ប្រឆាំង​អឺរ៉ុប មិន​ចង់​ឱ្យ​អឺរ៉ុប​ជ្រៀតជ្រែកនយោបាយអ៉ីតាលី​ត​ទៅ​ទៀត»។

ប៉ូលីសទប់ទល់កុប្បកម្មនៅក្នុងទីក្រុងប្រ៊ូសសែល កាល​ពី​ថ្ងៃ​ទី​​៣០ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ បាន​រង​ការ​វាយ​ប្រហារ​ដោយ​ការ​គប់​ដុំ​ថ្ម​ពី​កុប្បករ ទើប​ប៉ូលីស​បាន​ឆ្លើយ​តប​វិញ​ដោយ​កាំភ្លើង​ទឹក ហើយ​ក្នុង​នោះ​មនុស្ស​៦០នាក់​ត្រូវ​ចាប់​ខ្លួន​ពី​បទ​បង្ក​ការ​រំខាន​ដល់​សណ្តាប់​ធ្នាប់​សាធារណៈ។ ​

* ប្រតិកម្ម

នៅចុងខែវិច្ឆិកា ឆ្នាំ​២០១៨ តាម​រយៈ​ការ​ស្ទាបស្ទង់​មតិ​បាន​បង្ហាញថា ចលនា​នេះ​ទទួល​ការ​គាំទ្រយ៉ាងទូលំទូលាយនៅប្រទេសបារាំង (ពី ៧៣% ដល់ ​៨៤​%)។ ការស្ទង់មតិមួយទៀ​ដែលធ្វើឡើង បន្ទាប់ពីព្រឹត្តិការណ៍ថ្ងៃទី១ ខែធ្នូ បានរកឃើញថា ៧២% នៃប្រជាជនបារាំងបានគាំទ្រដល់ចលនា «អាវកាក់​ពណ៌​លឿង​នេះ» តែ​ក្នុង​ចំណោម​នោះ ៨៤% ប្រឆាំង​មិន​ចង់​ឱ្យ​មាន​អំពើ​ហិង្សានៅប៉ារីស​ឡើយ។

ក្នុង​ស្ថានភាព​នេះ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ​លោក គ្រីស្តូហ្វាខាសៀន (Christophe Castaner) បាន​ដាក់​បន្ទុក​ទៅលើ​​លោក​ស្រី Marine Le Pen ដែលជាគូប្រជែង​របស់លោក Macron ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត​ប្រធានាធិបតីឆ្នាំ២០១៧ ថា​ មាន​ពាក់ព័ន្ធ​នឹង​អំពើ​ហិង្សានា​ថ្ងៃ​ទី២៤ ខែ​វិច្ឆិកា កន្លង​ទៅនេះ ដោយ​លោកស្រីបានជំរុញឱ្យ​ប្រជាពលរដ្ឋ​បារាំង ប្រមូលផ្តុំ​គ្នា​នៅ​មហា​វិថី Champs Elysees។ លោកស្រី​បាន​ឆ្លើយ​វិញថា ការ​អនុញ្ញាត​ឱ្យ​មនុស្ស​ប្រមូលផ្តុំគ្នានៅ​នៅ​ទីនោះ ជា​​ទំនួល​ខុស​ត្រូ​របស់​រដ្ឋាភិបាល ព្រមទាំង​បាន​ចោទប្រកាន់ រដ្ឋមន្រ្តីក្រសួងមហាផ្ទៃថា កំពុងព្យាយាមបង្កើនភាពតានតឹង ដើម្បី​លាប​ពណ៌​ទៅ​លើ​ចលនា​បាតុកម្ម​នេះ។

គួរជម្រាប​ថា ទោះបីជាលោកប្រធានាធិបតី Macron ​ទទូច​ហើយ​ទទូច​ទៀតថា ការ​បង្កើនពន្ធលើប្រេងឥន្ធនៈ នឹងកើតឡើង​នា​ដើម​ខែ​ធ្នូ តាម​ការ​គ្រោង​ទុក​​ក្តី ​ក៏​រដ្ឋាភិបាល​បារាំង​បានប្រកាសថា ការ​ដំឡើងពន្ធនឹងត្រូវបានផ្អាក​ទៅវិញ។ លោកនាយករដ្ឋមន្ត្រី Édouard Philippe បាននិយាយថា «មិន​គួរ​អនុញ្ញាត​ឱ្យ​វិបត្តិ​​ពន្ធបង្ក​​ការ​បែកបាក់​​សាមគ្គីភាព​ជាតិ​​នោះទេ»