(ដាម៉ាស់)៖ ក្រុមចំរុះអន្តរជាតិ​ដឹកនាំដោយ​សហរដ្ឋអាមេរិក នៅថ្ងៃសុក្រ​សប្ដាហ៍នេះ បានបើក​ការវាយប្រហារ​តាមផ្លូវអាកាស​យ៉ាងសន្ធប់លើទីក្រុងមួយ​ ដែលកំពុងស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់ពួក ISIS នៅភាគខាង​កើតប្រទេសស៊ីរី ដោយបាន​បំផ្លាញមន្ទីរពេទ្យ​មួយកន្លែង និងផ្ដាច់ជីវិត​ជនស៊ីវិល ០៨នាក់។ នេះបើតាម​ប្រព័ន្ធផ្សព្វផ្សាយ​ស៊ីរី ដកស្រង់ដោយ​ទីភ្នាក់ងារ​សារព័ត៌មានចិន​ ស៊ីនហួរ នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។

យោងតាម​សារព័ត៌មាន​រដ្ឋស៊ីរី SANA ជនស៊ីវិល ០៨នាក់ បានស្លាប់​នៅក្នុងការវាយប្រហារ​តាមផ្លូវអាកាសនៅក្នុងទីក្រុង​ហាជីន (Hajin) នៃខេត្ត​ឌែរអាល់ហ្សួរ (Deir al-Zour) ភាគខាងកើត​ប្រទេសស៊ីរី​កាលពីព្រឹក​ថ្ងៃសុក្រ។ មិនតែ​ប៉ុណ្ណោះនៅ​ថ្ងៃដដែល ការវាយប្រហារ​តាមផ្លូវអាកាស​ដឹកនាំ​ដោយ​សហរដ្ឋអាមេរិក ក៏បានបំផ្លាញ​មន្ទីរពេទ្យមួយកន្លែង​នៅក្នុងទីក្រុង Hajin ផងដែរ។ ប៉ុន្តែមិនទាន់​មានសេចក្ដីរាយការណ៍​លម្អិត​ពីអ្នកស្លាប់ ឬរងរបួស​នោះឡើយ។

គួរជម្រាបថា បច្ចុប្បន្ន​ក្រុមចំរុះអន្តរជាតិដឹកនាំ​ដោយ​សហរដ្ឋាអាមេរិក កំពុងដឹកនាំ​​ការ​វាយប្រហារតាមផ្លូវអាកាស​ ប្រឆាំងនឹង​មូលដ្ឋានរបស់ពួក ISIS នៅតាម​បណ្ដោយ​ទន្លេ អឺប្រាតស៍ (Euphrates) នៃតំបន់​ភាគខាងកើត​ខេត្ត Deir al-Zour ដើម្បីគាំទ្រដល់​កង​កម្លាំង​ប្រជាធិបតេយ្យ​ស៊ីរី (SDF) ដែលកំពុង​មានភាពលំបាក​ក្នុងការប្រឈមមុខ​ជាមួយ ក្រុមភេរវករ ISIS៕