(វ៉ាស៊ីនតោន)៖ អតីតជំនួយការក្រុមយុទ្ធនាការឃោសនាបោះឆ្នោត របស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ គឺលោក George Papadopoulos ត្រូវបានដោះលែងពីពន្ធនាគារវិញហើយ នៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ក្រោយ ជាប់ឃុំអស់ជាច្រើនថ្ងៃដោយសារនិយាយកុហកក្រុមអ្នកស៊ើបអង្កេតក្នុងសំណុំរឿងរុស្ស៊ី។ នេះបើតាមការចេញផ្សាយដោយ សារព័ត៌មាន CNN នៅថ្ងៃសៅរ៍ ទី០៨ ខែធ្នូ ឆ្នាំ២០១៨។

លោក Papadopoulos បានជាប់ឃុំក្នុងពន្ធនាគារអស់រយៈពេល១២ថ្ងៃ ពីបទនិយាយកុហកក្រុមអ្នកស៊ើបអង្កេតស្តីពីទំនាក់ ទំនងរបស់លោកជាមួយនឹងក្រុមបុគ្គលដែលមានទំនាក់ទំនងជាមួយនឹងរុស្ស៊ី នៅអំឡុងពេលធ្វើយុទ្ធនាការឃោសនា បោះឆ្នោតប្រធានាធិបតីអាមេរិក។ លោក Papadopoulos បានចាកចេញពីពន្ធនាគារស្ថិតក្នុងទីក្រុង Oxford រដ្ឋ Wisconsin សហរដ្ឋអាមេរិក នៅវេលាម៉ោង១០ព្រឹក​ (ម៉ោងក្នុងតំបន់)។

ប៉ុន្តែជាផ្នែកនៃការប្រកាសទោសរបស់លោក អតីតមនុស្សជំនិតរបស់លោក ត្រាំរូបនេះ នឹងត្រូវគេឃ្លាំមើលរយៈពេល១២ខែ ក្រោយការដោះលែង ហើយលោកនត្រូវបម្រើការងារសហគមន៍ ២០០ម៉ោង ក្នុងរយៈពេល១ឆ្នាំ ព្រមទាំងត្រូវបង់ប្រាក់ពិន័យ ចំនួន៩,៥០០ដុល្លារសហរដ្ឋអាមេរិកផងដែរ។

គួរបញ្ជាក់ថា លោក George Papadopoulos បានក្លាយជាគោលដៅនៃការស៊ើបអង្កេតយ៉ាងខ្លាំង របស់រដ្ឋអាជ្ញាអាមេរិក លោក Robert Mueller នៅក្នុងសំណុំរឿងការលូកដៃរបស់រុស្ស៊ីចូលក្នុងកិច្ចការបោះឆ្នោតអាមេរិកកាលពីឆ្នាំ២០១៦៕