(បាងកក)៖ ការធ្វើយុទ្ធនាការឃោសនារកសំឡេងឆ្នោត​នៃប្រទេសថៃ នឹងត្រូវអនុញ្ញាតឲ្យចាប់ផ្តើមឡើង នៅក្រោយ​ថ្ងៃ​ចូលឆ្នាំសកលខាងមុខ។ នេះបើតាមការអះអាងរបស់ឧបនាយករដ្ឋមន្រ្តីថៃ លោក វីស្សានុ គ្រាហ្កាម ដកស្រង់​សម្តី​ដោយទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នាយប់ថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងជំនួបពិភាក្សា​រវាង​អាជ្ញាធរ​និងបណ្តាគណបក្សនយោបាយថៃ អំពីការបោះឆ្នោត ដែលគ្រោងនឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៩ លោក វីស្សានុ បានប្រកាសឲ្យដឹងថា ព្រះរាជក្រឹត្យស្តីពីការបោះឆ្នោតជ្រើសតាំងតំណាង​រាស្រ្ត នឹងត្រូវចេញនៅថ្ងៃទី០២ ខែមករា ឆ្នាំក្រោយ ដើម្បីបើកឲ្យ​រាល់គណបក្សនយោបាយទាំងអស់ ចាប់ផ្តើម​ការ​ធ្វើ​យុទ្ធនាការបោះឆ្នោតនៅទូទាំងផ្ទៃប្រទេស។

បើតាមលោកឧបនាយករដ្ឋមន្រ្តីថៃ បម្រាម​របស់​ក្រុមប្រឹក្សា​ជាតិ​ដើម្បីសន្តិភាពនិងសណ្តាប់ធ្នាប់ (NCPO) ​ដែលហាម​មិនឲ្យមានសកម្មភាពទាក់ទាញ​សំឡេងឆ្នោតនោះ នឹងត្រូវដកចេញក្នុងខែនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ច្បាស់​ថា​នឹងធ្វើឡើងនៅថ្ងៃណាឲ្យប្រាកដឡើយ។

គួរជម្រាបថា គណៈកម្មការរៀបចំការបោះឆ្នោតថៃ នឹងចាប់ផ្តើមបើកទទួលពាក្យ​បេក្ខភាព​ប្រកួតប្រជែង​​អាសនៈនៅ​ក្នុង​​សភា នាអំឡុង​ថ្ងៃទី១៤ដល់ទី​១៨ ខែមករា និងការចុះឈ្មោះបេក្ខភាព​ជានាយករដ្ឋមន្រ្តីពី​គណបក្ស​នយោបាយ​នីមួយៗនៅថ្ងៃទី២៥ ខែដដែល។

សម្រាប់គណបក្ស Palang Pracharath ដែល​មានរដ្ឋមន្រ្តីឧស្សាហកម្មថៃ លោក Uttama Savanayana ជាប្រធាន រួម​ជាមួយ​មន្រ្តីរដ្ឋាភិបាលថៃ​០៣រូបទៀតនោះ ត្រូវគេរាយការណ៍ថា បានគ្រោងនឹង​លើក​នាយករដ្ឋមន្រ្តីថៃ​បច្ចុប្បន្ន គឺ​លោក ប្រាយុទ្ធ ចាន់អូចា ឲ្យធ្វើជាបេក្ខភាពនាំមុខគេរបស់ខ្លួន សម្រាប់តំណែងជា​នាយករដ្ឋមន្រ្តី​នៅក្រោយ​ការបោះ​ឆ្នោត​៕