(សេអ៊ូល)៖ កូរ៉េខាងត្បូង​បានសម្រេចអនុញ្ញាត ចំពោះគម្រោង​តម្លៃ​៣០០លានដុល្លារ ស្តីពីការទិញ​​មីស៊ីល​បន្ថែម​ជា​ប្រភេទបាញ់ចេញពីនាវាទៅផ្ទៃអាកាស ពីសហរដ្ឋអាមេរិក មកបំពាក់លើនាវាពិឃាត​ថ្មីចំនួន០៣គ្រឿង​ ដែល​ប្រើ​ប្រាស់ប្រព័ន្ធ​ប្រយុទ្ធដ៏ទំនើបហៅថា Aegis។ នេះបើតាមការបញ្ជាក់ពីនាយកដ្ឋានទិញសព្វាវុធនៃក្រសួងការពារ​ជាតិ​កូរ៉េខាងត្បូង ដកស្រង់ខ្លឹមសារដោយសារព័ត៌មាន​រុស្ស៉ី Sputnik នៅយប់ថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

ការសម្រេចផ្តល់ការអនុញ្ញាតខាងលើ ត្រូវបានធ្វើឡើងនាថ្ងៃសុក្រនេះ ក្នុងអំឡុងកិច្ចប្រជុំនៃ​គណៈកម្មាធិការទទួល​បន្ទុក​ការទិញសព្វាវុធ​របស់ក្រសួងការពារជាតិកូរ៉េខាងត្បូង។ ដោយ​ក្រៅពី​គម្រោង​ទិញមីស៊ីល គណៈកម្មាធិការ​នេះ ​ក៏បានផ្តល់សិទ្ធិឲ្យក្រុមហ៊ុនកូរ៉េខាងត្បូង Hanwha ដើម្បីផលិត​មីស៊ីល​ប្រភេទទំហំ២៣០មីលីម៉ែត្រ សម្រាប់ប្រព័ន្ធ​បាញ់​​មីស៊ីលច្រើនក្នុងពេលតែមួយផងដែរ។

គួរជម្រាបថា ប្រភេទមីស៊ីលដែលកូរ៉េខាងត្បូង នឹងទិញពីសហរដ្ឋអាមេរិក គឺមីស៊ីល SM-2 ដែលត្រូវបានអភិវឌ្ឍន៍​ឡើង​ដើម្បីផ្តល់ការការពារដែនអាកាស និង​ប្រឆាំងជាមួយ​​​ប្រភេទមីស៊ីលប្រដេញចម្ងាយឆ្ងាយ (Cruise Missile) ក្នុង​ផ្នែកនៃប្រព័ន្ធប្រយុទ្ធដោយ​ប្រើមីស៊ីល ដែលគេហៅថា Aegis របស់ក្រុមនាវាចម្បាំង៕ ​​