(ប៉េកាំង)៖ ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង បានជួបពិភាក្សា​ការងារ ជាមួយរដ្ឋមន្ត្រីការបរទេស​កូរ៉េខាងជើង​លោក រី យ៉ុង ហូ ក្នុងទីក្រុងប៉េកាំង​នៅថ្ងៃសុក្រនេះ ខណៈកិច្ចចរចា​រំសាយអាវុធនុយក្លេអ៊ែរ​នៅលើឧបទ្វីប​កូរ៉េ រវាងទីក្រុងព្យុងយ៉ាង និងទីក្រុងវ៉ាស៊ីនតោន​កំពុងជាប់គាំង។ នេះបើតាម​ការចេញផ្សាយ​ដោយ ទីភ្នាក់ងារសារព័ត៌មាន​ចិនស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

ទីភ្នាក់ងារសារព័ត៌មានស៊ីនហួរ​បានឱ្យដឹងទៀតថា នៅក្នុងជំនួបនោះលោក ស៊ី បានប្រាប់លោក រី អំពីក្តីសង្ឃឹមរបស់ទីក្រុងប៉េកាំង ដែលចង់ឃើញ​សហរដ្ឋអាមេរិក និងកូរ៉េខាងជើង​អាចដោះស្រាយបញ្ហារវាង​ប្រទេសទាំងពីរ ដោយគោរព​គ្នាទៅវិញ​ទៅមក។ បន្ថែមពី​លើនេះលោកប្រធានាធិបតី​ចិន ក៏បានអំពាវនាវផងដែរឱ្យមានការពង្រឹង និងបង្កើន​ទំនាក់ទំនង​ទ្វេភាគីរវាងទីក្រុងប៉េកាំង និងទីក្រុង​ព្យុងយ៉ាង។

គួរជម្រាបថា នៅមុនជួប​លោក ស៊ី លោក រី យ៉ុង ហូ បានជួបពិភាក្សា​គ្នាជាមួយរដ្ឋមន្ត្រី​ការបរទេស​ចិន លោក វ៉ាង​ យី ហើយ​លោក នៅតែបញ្ជាក់​ដដែលថា កូរ៉េខាងជើង​បន្តរក្សាការប្ដេជ្ញាចិត្ត​រំសាយ​អាវុធ​នុយក្លេអ៊ែរ និងរក្សាស្ថេរភាព ក៏ដូចជា​សន្តិភាពនៅលើ​ឧបទ្វីបកូរ៉េ។ លោក រី បានបំពេញ​ទស្សនកិច្ចមកកាន់​ទីក្រុងប៉េកាំង​ កាលពីថ្ងៃព្រហស្បតិ៍ និងគ្រោង​ត្រឡប់​ទៅកាន់ទីក្រុង​ព្យុងយ៉ាងវិញ ​នៅព្រឹកថ្ងៃសៅរ៍​ស្អែក​នេះ៕