(សេអ៊ូល)៖ ក្រសួងការបរទេស​កូរ៉េខាងត្បូង នៅថ្ងៃសុក្រនេះបានឱ្យដឹងថា សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង​នឹងបើកកិច្ចចរចាជុំទី ១០ នៅសប្ដាហ៍​ក្រោយនេះ ដើម្បីពិភាក្សា​គ្នាថា ត្រូវចូលរួមចំណែក​យ៉ាងដូចម្ដេចក្នុងការចេញ​ថ្លៃចាយវាយ​សម្រាប់ កងទ័ពអាមេរិកឈរ​ជើងនៅលើទឹកដី​កូរ៉េខាងត្បូង។ នេះបើតាម​ការចេញផ្សាយដោយ​ ទីភ្នាក់ងារព័ត៌មានចិន ស៊ីនហួរ នៅល្ងាចថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

នៅក្នុងសេចក្ដី​ថ្លែងការណ៍​របស់ខ្លួន ក្រសួងការបរទេស​កូរ៉េខាងត្បូង បានបញ្ជាក់ទៀតថា កិច្ចចរចានឹង​ត្រូវធ្វើឡើង​រយៈពេល​០៣ថ្ងៃ​ គិតចាប់ថ្ងៃទី១១ ខែធ្នូ នៅក្នុងទីក្រុង​សេអ៊ូល ហើយភាគីទាំងពីរនឹង​ពិភាក្សារគ្នា ដោយ​ឈរលើមូលដ្ឋាន​នៃកិច្ចចរចា​មុន ដើម្បី សម្របសម្រួលគោលជំហររវាងប្រទេសទាំងពីរ។

គួរជម្រាបថា កងទ័ពអាមេរិក​ប្រមាណ ២៨,៥០០នាក់ កំពុងឈរជើង​នៅលើទឹកដី​កូរ៉េខាងត្បូង រីឯកិច្ច​ព្រមព្រៀង​ចូលចំណែកលើថ្លៃ​ចាយវាយរយៈពេល ០៥ឆ្នាំ នឹងត្រូវអស់​សុពលភាព​ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៨។ ម្យ៉ាងវិញ​ទៀត​ផ្អែកលើ​កិច្ចព្រមព្រៀងនេះ កូរ៉េខាងត្បូងបាន​ចូលរួមចំណែកជា​ប្រាក់ជាង ៨៦០លានដុល្លារ ក្នុងមួយឆ្នាំដើម្បី​ជួយដល់កងទ័ព​អាមេរិក នៅលើទឹកដី​របស់ខ្លួន៕