(វ៉ាស៊ីនតោន)៖ សហរដ្ឋអាមេរិក​បានក្លាយជាអ្នក​នាំចេញប្រេង និងផលិតផលឥន្ធនៈ​ច្រើនជាងនាំចូល​កាលពី​សប្ដាហ៍មុន ជាលើកដំបូង​ក្នុងរយៈពេលរាប់​ទសវត្សរ៍មកនេះ ជាមួយការនាំ​ចេញប្រេង​សរុប ២១១,០០០បារ៉ែលក្នុងមួយថ្ងៃ។ ប៉ុន្តែ​អ្នកជំនាញខ្លះថា គ្រាន់តែជាលទ្ធផលបណ្ដោះអាសន្នប៉ុណ្ណោះ។ នេះបើតាម​ទិន្នន័យមួយ​ដកស្រង់ដោយ​ ទីភ្នាក់ងារសារព័ត៌មានចិន​ស៊ីនហួរ នៅរសៀលថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

យោងតាមទិន្នន័យ​ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ដោយរដ្ឋបាលព័ត៌មាន​ថាមពល​អាមេរិក (EIA) អស់​រយៈពេល ជាច្រើនសប្ដាហ៍​រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា សហរដ្ឋអាមេរិក​​បាន​នាំចូល​ប្រេងឆៅ និងផលិតផល​ឥន្ធនៈ ៨.៨លានបារ៉ែល​ក្នុងមួយថ្ងៃ ហើយនាំ​ចេញទៅវិញ ០៩លានបារ៉ែល​ក្នុងមួយថ្ងៃ។ បន្ថែម​ពីលើនេះ EIA ក៏បាន​ឱ្យដឹងដែរថា សហរដ្ឋអាមេរិក​បាន ក្លាយជា​ប្រទេសនាំចូលប្រេង​ច្រើនជាងនាំចេញ ​ចាប់តាំង​ឆ្នាំ១៩៧៣។

ប៉ុន្តែមកទល់ឆ្នាំ២០១៨នេះ សហរដ្ឋអាមេរិក​បាននាំចូលប្រេងឆៅ និងផលិតផលឥន្ធនៈ​សរុប ០៣លានបារ៉ែលក្នុងមួយថ្ងៃ ខណៈការនាំចូល​ប្រេងកាលពីឆ្នាំ២០០៥ មានរហូតដល់ទៅ​ច្រើនជាង ១៤លានបារ៉ែល​ក្នុងមួយថ្ងៃ។

គួរបញ្ជាក់ថា តម្លៃប្រេងនៅ​លើទីផ្សារពិភពលោក នៅថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះបានធ្លាក់ចុះ ក្រោយការប្រជុំរបស់​អង្គការ OPEC នៅក្នុងទីក្រុងវីយែន ប្រទេសអូទ្រីស បានបញ្ចប់ទៅដោយ​គ្មានការសម្រេច​ចិត្តណាមួយ​ ជុំវិញការកាត់​បន្ថយ​ការផលិត​ប្រេង៕