(វ៉ាស៊ីនតោន)៖ យន្ដហោះ​អង្កេតការណ៍ OC-135 មួយគ្រឿងរបស់​កងទ័ពអាកាសអាមេរិក បានដឹកនាំប្រតិបត្តិការ​ហោះហើរ ពិសេសមួយ​ពីលើដែនអាកាសអ៊ុយក្រែន​ កាលពីថ្ងៃព្រហស្បតិ៍​សប្ដាហ៍នេះ ដើម្បីអះអាង​ពីការគំាទ្រ និងការពារ​ទីក្រុងកៀវ ប្រឈមមុខនឹង​ការគំរាមកំហែង​ពីរុស្ស៊ី។ នេះ​បើតាមមន្ទីរ​បញ្ចកោណ ដកស្រង់ដោយ​សារព័ត៌មាន CNN នៅរសៀលថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងប្រាប់ CNN អ្នកនាំពាក្យ​មន្ទីរ​បញ្ចកោណ លោក អេរិច ផាហុន (Eric Pahon) បានគូសបញ្ជាក់ដូច្នេះថា «ប្រតិបត្តិការ​ហោះហើរ ជាពិសេសក្រោម​សន្ធិសញ្ញាបើក​ចំហមេឃ (Open Skies treaty) គឺបានបញ្ជាក់​ពីការប្ដេជ្ញាចិត្តរបស់​សហរដ្ឋអាមេរិក ​ចំពោះអ៊ុយក្រែន និងសម្ព័ន្ធមិត្ត​ដទៃ​ទៀត»។ លោក​បន្ថែមថា ការវាយប្រហារ និងរឹបអូសទូក​អ៊ុយក្រែនពីសំណាក់​ឆ្មាំ​សមុទ្ររុស្ស៊ី នៅឯច្រក​សមុទ្រឃើច (Kerch) ក្នុងសមុទ្រខ្មៅ​គឺជាសកម្មភាពបង្ក​គ្រោះថ្នាក់ និងការគំរាមកំហែង។​

គួរបញ្ជាក់ថា បើតាម​លោក Pahon ក្រុមអ្នកអង្កេតការណ៍​មកពីសហរដ្ឋអាមេរិក កាណាដា បារាំង អង់គ្លេស រ៉ូម៉ានី និងអ៊ុយក្រែន​​បានចូលរួមនៅក្នុងប្រតិបត្តិការ​ហោះហើរពិសេស តបតាមសំណើ​ពីភាគីអ៊ុយក្រែន។ ប៉ុន្តែ​កាលពី​ថ្ងៃពុធ សហរដ្ឋអាមេរិក​ក៏ត្រូវបាន​គេរាយការណ៍ផងដែរថា បានបញ្ជូន​នាវាពិឃាត USS McCampbell ទៅកាន់តំបន់​សមុទ្រជប៉ុន ខណៈនាវាពិឃាត​មួយនេះ​ត្រូវបានគេរំពឹងថា នឹងធ្វើដំណើរ​ចូលទៅកាន់​សមុទ្រខ្មៅ៕