(អាមេរិក)៖ ស្ថានការណ៍បាន​វិលទៅរកភាពប្រក្រតី​វិញហើយ បន្ទាប់ពី​ប៉ូលិស​អាមេរិក និងស្ថានីយទូរទស្សន៍ CNN ផ្ទាល់​បាន​សម្រេចអនុញ្ញាត​ឲ្យបុគ្គលិកដែលត្រូវ​ជម្លៀសខ្លួន​ដោយសារតែមាន​ការហៅទូរស័ព្ទគំរាម​ពីការបង្កៃ​គ្រាប់​បែក​ ឲ្យត្រឡប់ចូល​ធ្វើការងារជា​ធម្មតាវិញ។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​ វែបសាយសារព័ត៌មាន​របស់ CNN នៅរសៀល​ថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

បើតាមការបញ្ជាក់​ពីថ្នាក់ដឹកនាំស្ថានីយ​ទូរទស្សន៍ CNN ក្រោយការត្រួតពិនិត្យ​ឆែកឆេរដើម្បីរុករក​វត្ថុសង្ស័យ ទីបំផុតកម្លាំងប៉ូលិសទីក្រុង​ញូយ៉ក បានបញ្ជាក់ថា ​អគារទីស្នាក់ការ​របស់ CNN មិនមានគ្រឿង​ផ្ទុះអ្វីឡើយ ហើយអ្នករាល់គ្នា​អាចវិលត្រឡប់​មកចូលធ្វើការងារដូច​ធម្មតាវិញបាន។

គួរជម្រាបថា យោងតាម​ប្រភពអះអាងពី​អាជ្ញាធរអាមេរិក ហេតុការណ៍​ភ្ញាក់ផ្អើលខាងលើ បានកើតមានឡើងនា​វេលា​យប់ថ្ងៃព្រហស្បតិ៍​សប្តាហ៍នេះ (ពេលវេលានៅអាមេរិក) នៅពេលដែល​​មានបុគ្គលម្នាក់បានហៅ​ទូរស័ព្ទមក​អះអាងថា​ មានគ្រឿង​ផ្ទុះ​ចំនួន ០៥ បង្កៃនៅក្នុងអគារ​ទីស្នាក់របស់ CNN ប្រចាំ​ទីក្រុង​ញូយ៉ក។

កាលពីខែតុលា​កន្លងទៅ ការិយាល័យរបស់ CNN ក៏ធ្លាប់មានការជម្លៀសខ្លួន​ទាក់ទិននឹងគ្រឿងផ្ទុះ​នេះផងដែរ ដោយ​កាលនោះ ពោលគឺនៅមុនការ​បោះឆ្នោតសភាពាក់​កណ្តាលអាណត្តិអាមេរិក ករណីដ៏ក្រើកមួយ​បានកើតឡើង​ គឺ​ការ​ផ្ញើកញ្ចប់​គ្រាប់បែកទៅ​កាន់​​អ្នកនយោបាយ​​ល្បីៗនៃបក្ស​ប្រជាធិបតេយ្យ​អាមេរិក ប៉ុន្តែពុំ​មានឧបករណ៍​ណាមួយផ្ទុះ ឬ​បុគ្គល​ណាម្នាក់រង​គ្រោះឡើយ។ ចំណែកជនសង្ស័យ​វិញមានឈ្មោះថា Cesar Sayoc វ័យ ៥៦ឆ្នាំ កំពុងប្រឈម​នឹង​​ការ​ជាប់​​​ពន្ធ​​នា​គារ​​រហូត​ដល់ ​៤៨ឆ្នាំ៕