(វ៉ាស៊ីនតោន)៖ ប្រធានាធិបតី​អាមេរិក​លោក ដូណាល់ ត្រាំ បាន​សរសេរ​សារនៅ​លើបណ្តាញ​សង្គម Twitter ថា លោក​ឯកភាព​ចំពោះសេចក្តីថ្លែងការណ៍​មួយ​របស់ចិន ដែលបង្ហាញពី​ជំនឿជឿជាក់យ៉ាង​មុតមាំថា កិច្ចព្រមព្រៀង​​ពាណិជ្ជ​កម្ម​​មួយរវាង​ប្រទេសទាំងពីរ​នឹងសម្រេចបាន​ក្នុងរយៈពេល​ ៩០ថ្ងៃ។ នេះបើតាម​ការដកស្រង់ការ​ផ្សាយចេញពី​សារព័ត៌​មាន​រុស្ស៉ី ​Sputnik នៅរសៀលថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

កាលពីថ្ងៃសៅរ៍​សប្តាហ៍មុន លោក ត្រាំ និងប្រធានាធិបតី​ចិន​លោក ស៊ី ជិនពីង បានព្រមព្រៀង​គ្នា​​ផ្អាក​ជម្លោះ​ និងសង្រ្គាម​ពាណិជ្ជកម្មដ៏តានតឹងជា​បណ្តោះអាសន្ន​សិន នាអំឡុង​នៃការ​ចូលរួមកិច្ចប្រជុំ​កំពូល G20 ដែលប្រព្រឹត្តទៅ​នៅ​ឯទីក្រុង​ប៊ុយណូសអារ៉ែស នៃប្រទេស​អាហ្សង់ទីន។

លោក ដូណាល់ ត្រាំ បានយល់ព្រម​ផ្អាក​គម្រោង​ដំឡើងពន្ធពី១០ភាគរយទៅ២៥ភាគរយ​​លើទំនិញចិន​ ដែលគិត​ជា​ទឹក​ប្រាក់សរុប​២០០ពាន់លាន​ដុល្លារ​​ ដើម្បីបើកផ្លូវសម្រាប់​កិច្ចចរចាពាណិជ្ជកម្មជាមួយទីក្រុង​ប៉េកាំង ប៉ុន្តែ​លោក​ ត្រាំ បានព្រមានថាប្រសិនបើ​កិច្ចប្រឹងប្រែងចរចានេះមិនទទួលជោគជ័យក្នុងរយៈពេល០៣ខែទេនោះ ​អត្រាពន្ធនឹង​ត្រូវ​​​ដំឡើងតាមការគ្រោងទុកដដែល។

គួរជម្រាបថា មហាអំណាច​សេដ្ឋកិច្ចពិភពលោក​ទាំងពីរ បានធ្វើសង្រ្គាម​ពាណិជ្ជកម្មយ៉ាងក្តៅ​គគុកជាមួយគ្នា ចាប់តាំង​តែ​ពីលោក ត្រាំ បាន​ប្រកាស​កាលពីខែមិថុនា ទំនិញចិនទំហំ ​៥០ពាន់លានដុល្លារ​នឹងត្រូវដំឡើងពន្ធ ២៥ភាគរយ ក្រោម​​គោលបំណង​​​​ស្រោចស្រង់​ ទំហំឱនភាពពាណិជ្ជកម្ម​អាមេរិក-ចិន​ឡើងវិញ។ ក្រោយមក ប្រទេសទាំងពីរ​​ក៏បានចេញ​វិធានការ ​បង្កើនអត្រាពន្ធ​ទៅវិញទៅមក​ជាបន្តបន្ទាប់ លើទំនិញ​ដែលគិតជា​ទឹកប្រាក់​រាប់រយពាន់​លានដុល្លារ៕