(ញូយ៉ក)៖ ជនមិនស្គាល់​អត្តសញ្ញាណបាន​ទូរស័ព្ទប្រាប់​សមត្ថកិច្ចទីក្រុងញូយ៉កថា គ្រាប់បែក​ជាច្រើនគ្រាប់​ត្រូវបានគេដាក់បង្កៃ នៅឯអគារទីស្នាក់​ការរបស់បណ្តាញ​ព័ត៌មាន​ទូរទស្សន៍ CNN នៅ​ទីក្រុងញូយ៉ក សហរដ្ឋអាមេរិក ខណៈកណ្តឹង​អាសន្នបានរោទ៍ឡើង ហើយមនុស្សម្នាត្រូវ​ជម្លៀសចេញ​ដើម្បី​សុវត្ថិភាព។ នេះបើតាម​ការចេញផ្សាយ​នៅមុននេះបន្តិច ដោយ​សារព័ត៌មាន Sputnik នាព្រឹក​ថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

យោងតាម​ការផ្សាយព័ត៌មាន កណ្តឹងប្រកាសអាសន្ន​ជាច្រើន​ត្រូវបានគេលឺចេញពី​ទីស្នាក់ការរបស់ CNN ប្រចាំទីក្រុងញូយ៉ក ដែលស្ថិតនៅក្នុងអគារភ្លោះ Time Warner Center ហើយបុគ្គលិកទាំងអស់​ត្រូវបានជម្លៀសចេញពី​ទីនោះតែម្តង​នៅវេលាម៉ោង ១០៖៣០នាទីយប់ថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ (ម៉ោងនៅញូយ៉ក) ត្រូវនឹងពេល​ព្រឹក​ថ្ងៃសុក្រនេះ (ម៉ោងនៅអាស៊ីខាងកើត)។

គួរបញ្ជាក់ថា ពិធីករ​ដែលកាន់កម្មវិធី CNN Tonight ក៏បានភៀស​ខ្លួនភ្លាមៗដែរ​ ពេលកំពុង​ផ្សាយផ្ទាល់ ខណៈកម្មវិធីទាំងមូលត្រូវបិទ​ជាបណ្តោះអាសន្ន។ សមត្ថកិច្ច​បានចុះត្រួតពិនិត្យ និងស្វែងរក​គ្រាប់បែក ហើយផ្លូវធ្វើ​ដំណើរទាំងសម្រាប់រថយន្ត និងថ្ញើរជើងនៅជុំវិញនោះ ក៏ត្រូវបានបិទសិនដើម្បីឆែករកវត្ថុសង្ស័យ៕