(វ៉ាស៊ីនតោន)៖ ឆ្លើយតបទៅនឹង​ការអំពាវនាវ និងលើកឡើងអំពី​លទ្ធភាព​ដែល​សហរដ្ឋអាមេរិក និងអង្គការណាតូ (NATO) អាចដកទ័ព​ទាំងអស់ចេញពីប្រទេស​អាហ្វហ្គានីស្ថានោះ មន្ទីរការពារជាតិ​អាមេរិកបញ្ចកោណ (Pentagon) បាន​ព្រមានថា ការដកទ័ព​ខាងលើនេះ វាស្មើនឹងការអនុញ្ញាត​ឲ្យសុបិន្តអាក្រក់​ដូចថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ កើតឡើងវិញ​ម្តងទៀត។ នេះបើតាម​​ការចេញផ្សាយ​ដោយ​​សារព័ត៌មាន Sputnik នាព្រឹក​ថ្ងៃសុក្រ ទី០៧ ខែធ្នូ ឆ្នាំ២០១៨។

មន្ត្រីជាន់ខ្ពស់​នៃមន្ទីរបញ្ចកោណ​អាមេរិកលោក ចូសិប ដុនហ្វដ (Joseph Dunford) បានបញ្ជាក់​​នៅ​ថ្ងៃព្រហស្បតិ៍ (ពេលវេលា​​នៅ​ទីក្រុង​វ៉ាស៊ីនតោន) យ៉ាងដូច្នេះថា «​សម្រាប់​ការព្យាករណ៍របស់ខ្ញុំ ការដក​ទ័ព​ចេញ​ពីអាហ្វហ្គានីស្ថាន នឹងទុកផ្លូវឲ្យ​ពួកភេរវករ​ដកដង្ហើមឡើងវិញ ហើយពួកគេនឹង​បង្កការគំរាមកំហែងដល់​ទឹកដីអាមេរិក និងបណ្តា​សម្ព័ន្ធមិត្តអាមេរិកនានាជាក់ជាមិនខាន...»

លោក Dunford បាន​សង្កត់ធ្ងន់​ទៀតថា យោងតាម​ការ​គណនារបស់​ក្រុម​អង្កេតការណ៍​ពិសេសរបស់​អាមេរិក ការដកទ័ព​អាមេរិក និង NATO ចេញពីទឹកដី​អាហ្វហ្គានីស្ថាន វាស្មើនឹងការផ្តល់​​ឱកាសឲ្យពួកគេ​ពូន​ផ្តុំ​កម្លាំង ដើម្បីធ្វើការ​វាយប្រហារ​ទ្រង់ទ្រាយធំ​មកលើ​អាមេរិក និងសម្ព័ន្ធមិត្ត ដែលមានទំហំ​មិនខុសពីសុបិន្តអាក្រក់​ ដែលអាមេរិកបាន​ជួបប្រទះ​កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ នោះ​ឡើយ។

គួរបញ្ជាក់ថា មហាភេរវកម្ម​​ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ បានផ្តាច់ជីវិត​​មនុស្សចំរុះជាតិ​សាសន៍ភាគច្រើនជាជនជាតិជិត ៣,០០០នាក់ និងធ្វើឲ្យ​ពិភពលោកទាំងមូលប្រកាស​អាសន្ន​ ចំពោះអំពើ​ភេរវកម្ម។ សហរដ្ឋអាមេរិក​នៅឆ្នាំដដែលបាន​ប្រកាស​ទៀតថា ក្រុមភេរវករ​អាល់កៃដា​របស់ អូសាម៉ា ប៊ិនឡាដិន គឺជាមេខ្លោង​រៀបចំ​ការបុក​កម្ទេចអគារភ្លោះពាណិជ្ជកម្ម និងអគារ​មន្ទីរបញ្ចកោណ ទើបបញ្ចេញ​ប្រតិបត្តិការយោធា​កម្ទេចក្រុមនេះ​នៅអាហ្វហ្គានីស្ថាន​តែម្តង៕