(ពិភពលោក)៖ នៅថ្ងៃព្រហស្បតិ៍ ទី០៦ ខែធ្នូ ឆ្នាំ២០១៨នេះ ព្រឹត្តិការណ៍អន្តរជាតិសំខាន់ៗ ជាច្រើនបានកើតឡើង រួមមានទាំងព្រឹត្តិការណ៍នយោបាយ និងស្ថានការណ៍ទូទាំងសកលលោកដ៏គួរឲ្យចាប់អារម្មណ៍ជាច្រើន។ ដូច្នេះបើចង់ដឹងថា តើព្រឹត្តិការណ៍រូបភាពប្រចាំថ្ងៃនេះមានអ្វីខ្លះនោះសូមទស្សនាដូចខាងក្រោម៖

១៖ ស្ថានទូតចិន​ប្រចាំ​ប្រទេស​​កាណាដា បានជម្រុញឱ្យ​អាជ្ញាធរកាណាដា​ ដោះលែងអនុប្រធាន និងជាប្រធានផ្នែកហិរញ្ញវត្ថុ​ក្រុមហ៊ុន Huawei លោកស្រី ម៉េង វ៉ានចូវ (Meng Wanzhou) ជាបន្ទាន់ ក្រោយកូនស្រីម្ចាស់ក្រុមហ៊ុនរូបនេះត្រូវបាន ចាប់ខ្លួននៅ​​ក្នុងទីក្រុង វែនខូវើ (Vancouver) កាលពី​ដើមខែធ្នូកន្លង​ទៅពី​បទសង្ស័យថា បានរំលោភបំពាន​លើទណ្ឌកម្មអាមេរិក​ប្រឆាំង​អ៊ីរ៉ង់៕

២៖ យោធាអាមេរិក​បានបញ្ជូននាវាពិឃាត​ បំពាក់មីស៊ីល​ប្រដេញ​មួយគ្រឿង ក្រោមប្រតិបត្តិការ​ដែលទីក្រុង​វ៉ាស៊ីនតោន​ហៅថា «សេរីភាពនៃនាវាចរ» ទៅកាន់សមុទ្រ​ជប៉ុនថ្ងៃពុធ​សប្តាហ៍នេះ ក្បែរ​តំបន់ ភីធើ ហ្គ្រែត ប៊េយ (Peter the Great Bay) ដែលជាមូលដ្ឋានស្នូល​ នៃ​កងនាវារុស្ស៉ីប្រចាំមហាសមុទ្រ​ប៉ាស៊ីហ្វិក៕

៣៖ ​សារព័ត៌មាននៃក្រសួង​ការពារជាតិរុស្ស៊ីឈ្មោះ ក្រាសណាយ៉ា ហ្សាវែសដា (Krasnaya Zvezda) បានរាយការណ៍ថា ប្រព័ន្ធអាវុធ​ឡាស៊ែរជំនាន់ថ្មីភឺរែសវែត (Peresvet ត្រូវបានដាក់ដំណើរការ​​ហើយ កាលពីថ្ងៃចុងសប្ដាហ៍កន្លង​ទៅ៕

៤៖ គម្រោង​ដំឡើងពន្ធលើឥន្ធនៈដែលបាន និង​កំពុងបង្កឱ្យមាន​បាតុកម្មតវ៉ា​ដ៏ហិង្សានៅទូទាំង​ប្រទេសបារាំងត្រូវបានលុប ចេញពី​កញ្ចប់ថវិកាជាតិ​សម្រាប់ឆ្នាំ២០១៩​ហើយ ស្របពេល​រដ្ឋាភិបាល​ទីក្រុងប៉ារីស នៅតែបើកផ្លូវចរចា​ជាមួយក្រុមបាតុករ អាវកាក់ពណ៌​លឿង៕

៥៖ កងម៉ារីនពីរនាក់ត្រូវបានជួយសង្រ្គោះ ខណៈមនុស្ស ០៥នាក់ ផ្សេងទៀត​នៅបន្តបាត់ខ្លួន​នៅឡើយ ក្រោយយន្តហោះ​ចម្បាំង និង​យន្តហោះដឹកសាំង​​នៃកងម៉ារីន​អាមេរិក ធ្លាក់ចូលក្នុង​ផ្ទៃ​សមុទ្រ​​ភាគ​ខាង​លិច​​​នៃប្រទេសជប៉ុន​ នៅថ្ងៃព្រហស្បតិ៍​ នេះ៕

៦៖ ឡាវបាន​បង្ហាញ​ក្តីរំពឹងថា នឹងអាចលក់​ថាមពល​អគ្គិសនី​​បាន ១៤,៦០០មេហ្គាវ៉ាត់ នៅត្រឹម​ឆ្នាំ២០៣០ ខណៈបច្ចុប្បន្ន ខ្លួន​កំពុងនាំចេញ​ថាមពលអគ្គិសនី​ទំហំ​ ៤,៤១៥មេហ្គាវ៉ាត់ ទៅកាន់ប្រទេស​ជិតខាងចំនួន​០៥៕